ព័ត៌មាន
ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ ហើយកម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
ឈរលើការវាយតម្លៃស្រដៀងគ្នា ដែលបានលើកឡើងក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣នេះ សម្ដេចបានឆ្លុះថា សន្ដិភាព៖ ក្នុងពេលអតីតកាល អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលពោពេញទៅដោយជម្លោះការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្ដិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។
សម្ដេចបានបន្តថា តំបន់អាស៊ានបានផ្លាស់ប្ដូរបន្ដិចម្ដងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និង ជវភាពបំផុត នៅលើពិភពលោក។ សម្ដេចធិបតី បានបន្តថា ការផ្លាស់ប្ដូរនេះ មិនមែនចៃដន្យនោះទេ ប៉ុន្ដែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំ និងប្រជាជននៅក្នុងតំបន់ទាំងមូល ពោលគឺ៖ ការជ្រើសរើសយកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, កិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់ និងវឌ្ឍនភាពរួម ជាជាងការប្រកួតប្រជែង។
សម្ដេចធិបតីបន្តថាទោះជាយ៉ាងណាក្ដី ក្នុងពេលបច្ចុប្បន្ន សន្ដិភាពមិនមែនជាអ្វីដែលយើងត្រូវមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ នៅទូទាំងពិភពលោកយើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នកម្រមានជម្លោះណា មិនរីកសាយភាយចេញពីតំបន់ដែលជម្លោះបានចាប់ផ្ដើមពីដំបូងណាស់។ សម្ដេចលើកឡើងថា ជម្លោះសម័យទំនើបនេះ ក៏មានលក្ខណៈពហុវិមាត្រផងដែរ។
សម្ដេចធិបតីថ្លែងថា ភាពតានតឹងដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ជាក់ស្ដែង ក្រៅពីការបំផ្លាញសន្ដិភាព និងស្ថិរភាពនៅទូទាំងតំបន់ ភាពតានតឹងនេះ ក៏បានរំខានដល់ការដឹកជញ្ជូនធនធានសំខាន់ៗ ជាពិសេសប្រេង និងឧស្ម័ន និងបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពល ថ្លៃស្បៀងអាហារ សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកល។ សម្ដេចធិបតីបានបន្តថា ទោះបីជាកម្មវិបាកមិនទាន់បានលេចចេញទាំងស្រុងនៅឡើយ តថភាពដ៏ច្បាស់លាស់មួយនោះគឺ៖ អស្ថិរភាពនៅកន្លែងមួយ ជះឥទ្ធិពលកាន់តែខ្លាំងឡើងៗដល់វិបុលភាពនៅគ្រប់ទីកន្លែងទាំងអស់។
សម្ដេចធិបតីបានបញ្ជាក់ថា បើក្រឡេកមកតំបន់អាស៊ានវិញ, បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ, កម្ពុជានៅតែមានក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្ដែង នៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្ដេចបន្តថា ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)។
សម្ដេចបន្តថា ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយដោយសន្ដិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្ដិភាពអចិន្រ្តៃយ។ សម្ដេចបន្តថា ជាក់ស្ដែងភាគីទាំងពីរបន្តបង្ហាញការការប្រកាន់ខ្ពាប់នូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជានៅតែបន្តផ្ដល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។
សម្ដេចធិបតី បានថ្លែងថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព (Good Faith) និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្ដិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូ ព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ៕


















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ