ព័ត៌មាន
សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។
សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។
សម្ដេចធិបតី បន្តថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្ដិភាព ភាពបើកជំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើៗ លើជណ្ដើនៃការអភិវឌ្ឍ។
សម្ដេចធិបតី បានបន្តថា ការពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនអាចបំភ្លេចបាននូវសារៈសំខាន់នៃការការពារសមិទ្ធផលដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។
សម្ដេចធិបតី បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។
សម្ដេចធិបតី បញ្ជាក់ថា ក្នុងន័យនេះ អាស៊ានត្រូវតែ បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកជំហរ បរិយាបន្ន ផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព បន្តធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងវិនិយោគលើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣