ព័ត៌មាន
ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ
ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណ ចំពោះវីរកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥.០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និងវីរភាពនៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ឆ្នាំមកហើយ ហើយឆ្ពោះទៅឆ្នាំ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៦០ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណនៃភាពរឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សម្តេចបានរំលឹកដោយក្តីឈឺចាប់ ចំពោះការឈ្លានពានដែលបង្កឡើងដោយភាគីថៃកន្លងមក ដែលតែងតែមានមហិច្ឆតាចង់បានទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យបាត់បង់អាយុជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាង។ សម្តេចបានអំពាវនាវឱ្យគ្រប់ភាគី គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
នៅកិច្ចបញ្ចប់នៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តូបមិត្តភាព កម្ពុជា-វៀតណាម និងសមិទ្ធិផលនានា ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលនេះនឹងក្លាយជាទីកន្លែង សម្រាប់បន្តពូនជ្រុំចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ ក៏ដូចជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ