ព័ត៌មាន
កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា។ ជាមួយនេះ, លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់អង់គ្លេស តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេសនៅក្នុងតំបន់។
ជាការឆ្លើយតប, សម្ដេចធិបតីក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។ សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្ដេចធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យដ៏សារៈសំខាន់ និងការចាប់អារម្មណ៍ខ្ពស់ក្នុងចំណោមនិស្សិតកម្ពុជា និងជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យចក្រភពអង់គ្លេស បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ បន្ថែមពីនេះ, សម្តេចធិបតី និងលោកជំទាវបានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។ លោកជំទាវអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។
មុននឹងបញ្ចប់, សម្តេចធិបតី និងលោកជំទាវក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក៕





-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា