Connect with us

ព័ត៌មាន

អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ

នៅថ្ងៃទី១០ ខែមិថុនានេះ អ្នកវិនិយោគទុនចិន និងតំណាងសមាគមចិននៅតាមបណ្តាប្រទេសជុំវិញពិភពលោក ប្រមាណជាង២០០នាក់ បានចាប់ផ្តើមនាំគ្នាអញ្ជើញមកដល់ប្រទេសកម្ពុជាជាបណ្តើរៗ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូនេះ។

ឧកញ៉ា ឆារស៍ វ៉ាន់ ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមិថុនានេះថា នៅថ្ងៃនេះ មានអ្នកវិនិយោគចិនធំៗ និងតំណាងសមាគមចិន នៅតាមបណ្តាប្រទេសរួមមាន៖ ចិន កាណាដា អាមេរិច អូស្តា្រលីជាដើម សរុបជាង២០០នាក់ គឺបានអញ្ជើញមកដល់រាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២ ខែមិថុនានេះ ដើម្បីពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោកឆ្នាំ២០២៦ នៅកម្ពុជា នៅក្នុងខែធ្នូខាងមុខនេះ ហើយមហាសន្និបាតនេះ នឹងមានអ្នកវិនិយោគចិនធំៗ ដែលជាប្រធាន អនុប្រធានក្រុមហ៊ុន សហគ្រាសធំៗ នៅតាមបណ្តាប្រទេសជុំវិញពិភពលោកជាង១០០០នាក់ អញ្ជើញចូលរួម និងស្វែងរកឱកាសការវិនិយោគទុនបន្ថែមនៅកម្ពុជា ។

បើតាមតំណាងអ្នកវិនិយោគទុនចិន បានឲ្យដឹងថា ការមកចូលរួមកិច្ចប្រជុំក្រុមការងារ ពិភាក្សាត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោក នៅកម្ពុជានេះ គឺគ្រប់អ្នកវិនិយោគទាំងអស់គ្នា ពិតជាមានការរីករាយខ្លាំង ពិសេសការមកដល់ ដំបូងគេគឺបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោស្អាតធំទូលាយទំនើប ហើយរំពឹងថា មហាសន្និបាតឆ្នាំនេះ នឹងនាំឱ្យមានការអភិវឌ្ឍជាច្រើនបន្ថែមទៀតផ្នែកពាណិជ្ជកម្ម ការធ្វើសមាហរណកម្មបច្ចេកវិទ្យាថ្មីៗនៅកម្ពុជា ជាមួយនឹងធនធានការរីកចម្រើនរបស់កម្ពុជា។

សូមបញ្ជាក់ថា បណ្តាអ្នកវិនិយោគទុនចិន និងតំណាងសមាគមចិន តាមបណ្តាប្រទេសនានា សរុបជាង ២០០នាក់ ក្រៅពីអញ្ជើញចូលរួមកិច្ចជុំក្រុមការងារ ត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នេះរួចហើយ ក្រុមអ្នកវិនិយោគទុនចិនទាំងនោះ នឹងអញ្ជើញទស្សនាទៅតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់ពិភពលោក នៅខេត្តសៀមរាប និងការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពល និងការស្វែងរកឱកាសវិនិយោគទុនបន្ថែមទៀតនៅកម្ពុជាផងដែរ។

អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia