ព័ត៌មាន
ពីថ្នាក់រៀនទៅកសិដ្ឋានឆ្លាតវៃ ! សិស្ស NTTI បង្កើតបានប្រព័ន្ធ Solar Greenhouse គ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ
(ភ្នំពេញ)៖ ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។
យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បានលើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ អាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនទិន្នផលកសិកម្ម។
លោកបន្តថា ក្នុងផ្ទះកញ្ចក់ Solar Greenhouse ដែលលោកបង្កើតឡើងមានប្រព័ន្ធកង្ហារវិលស្វ័យប្រវត្តិ ដែលបញ្ចេញខ្យល់ក្តៅចេញ និងទាញយកខ្យល់ត្រជាក់ពីខាងក្រៅចូលមកវិញ ដើម្បីរក្សាសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់ដំណាំ និងការពារការខូចខាតដោយសារកម្តៅខ្ពស់។
លោក សួស សុជាតិ គ្រូបង្រៀនជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី នៅសាលា NTTI បានឱ្យដឹងថា ស្នាដៃ Solar Greenhouse នេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញថា TVET មិនត្រឹមតែផ្តល់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនវានុវត្តន៍ និងដំណោះស្រាយថ្មីៗ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោកបញ្ជាក់ថា Solar Greenhouse អាចបញ្ជាពីចម្ងាយតាមទូរសព្ទដៃ ឬដំណើរការដោយស្វ័យប្រវត្តិ ដោយមានសមត្ថភាពគ្រប់គ្រងបន្ទុកអគ្គិសនី កំណត់អាទិភាពនៃការប្រើប្រាស់ថាមពល និងផ្លាស់ប្តូរប្រភពថាមពលរវាងសូឡា អាគុយ និងបណ្តាញអគ្គិសនីរដ្ឋដោយស្វ័យប្រវត្តិ។
លើសពីនេះ ប្រព័ន្ធបានបំពាក់បច្ចេកវិទ្យា Internet of Things (IoT) ដែលអាចប្រមូលទិន្នន័យអាកាសធាតុមកវិភាគ និងព្យាករណ៍ស្ថានភាពជាមុន ដើម្បីត្រៀមបម្រុងថាមពលក្នុងអាគុយនៅពេលអាកាសធាតុប្រែប្រួល ឬមានភ្លៀងធ្លាក់។ ប្រព័ន្ធក៏មានមុខងារសុវត្ថិភាព ដែលអាចកាត់ផ្តាច់ចរន្តភ្លាមៗ នៅពេលមានការឆ្លងចរន្ត ឬសីតុណ្ហភាពកើនឡើងខុសប្រក្រតី។
បើតាម លោក សួស សុជាតិ គោលបំណងសំខាន់នៃគម្រោងនេះ គឺជំរុញសិស្សឱ្យអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីអាចបង្កើតអាជីវកម្មដោយខ្លួនឯងនាពេលអនាគត។ ទោះបីជាគម្រោងនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងក៏ដោយ ក៏វាបានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់សិស្ស TVET ក្នុងការបំប្លែងចំណេះដឹងទ្រឹស្តីទៅជាផលិតផលជាក់ស្តែង ដែលអាចឆ្លើយតបនឹងតម្រូវការសង្គម និងទីផ្សារ៕





-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់