Connect with us

ព័ត៌មាន

អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦។

លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងការបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រី ដោ សម្ផស្ស បានបន្តថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល តាមមាត្រា២០ ជំពូកទី៦ ស្តីពីទណ្ឌកម្ម ដោយបានផាកពិន័យសរុបចំនួន ១ទីតាំង មនុស្សចំនួន ៣នាក់ គិតជាថវិកាសរុបបានចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia