ព័ត៌មាន
សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង មិនថានៅទីកន្លែងណា ក្នុងឬក្រៅប្រទេស មិនថាវេទិកាឬជំនួបណាឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ និងទី៩ ខែមិថុនាកន្លងទៅនេះ គឺជាឧទាហរណ៍ដែលបានបង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្តមបានបន្តថា ជាក់ស្តែង សុន្ទរកថាគន្លឹះដ៏មានអត្ថន័យ នៅឯពិធីបើកវេទិកាអនាគតអាស៊ានលើកទី៣ បានឆ្លុះបញ្ចាំងឱ្យសហគមន៍តំបន់ និងអន្តរជាតិយល់កាន់តែច្បាស់ពីស្ថានភាពពិតនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ដែលបទឈប់បាញ់នៅតែផុយស្រួយ រីឯសកម្មភាពនៅលើដីជាក់ស្តែងនៅតែជារឿងដ៏គួរឱ្យព្រួយបារម្ភ ដែលអាចប៉ះពាល់ដល់សន្តិភាពរវាងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាពនិងស្ថិរភាពតំបន់ទាំងមូល។ តាមរយៈសុន្ទរកថាគន្លឹះនោះ ជំហរដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងព្រំដែនគោកនិងសមុទ្រ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត។
ក្រៅពីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏តែងតែបានលើកពីបញ្ហានេះជំរាបជូនដល់ដៃគូសន្ទនាជានិច្ច នៅក្នុងជំនួបទ្វេភាគីនាអំឡុងពេលនោះ។ ជាក់ស្តែង ក្នុងជំនួបជាមួយសមភាគីវៀតណាម សម្តេចធិបតី បានជម្រាបឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានអរគុណភាគីវៀតណាមចំពោះការគាំទ្រដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងចំពោះការគាំទ្របេសកកម្មរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន(AOT) ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីការអនុវត្តបទឈប់បាញ់ ក៏ដូចជាការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាព និងឱ្យបានពេញលេញ។
ក្នុងឱកាសទទួលជំនួបសម្តែងការគួសមពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landau ក្រៅពីសម្ដែងក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីកាលានុវត្តភាពជាច្រើនដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួតនិងស៊ីជម្រៅថែមទៀតនោះ សម្ដេចធិបតីក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ស្ថានការណ៍តាមព្រំដែនកម្ពុជាថៃ និងជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិនេះ ក៏ត្រូវបានសម្តេចធិបតីលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕






-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ