ព័ត៌មាន
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ៣ពាន់កន្លែង ជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប
(សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាព គាំពារ និងផ្តល់ជូនឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋានរបស់ពលរដ្ឋ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយមានការចូលរួមពីបណ្ដារោងចក្រ សហគ្រាស សមាគម និងក្រុមហ៊ុនធំៗចំនួន ៥ ក្នុងការនាំយកឱកាសការងារសរុបចំនួន ៣ ៥៥០ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករត្រឡប់មកពីក្រៅប្រទេស។
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរកការងារនៅក្នុងស្រុក អាចតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាសេនាធិការ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នូវរបបចំនួនបី រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលមានកិច្ចគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការដែរ។
ជាមួយគ្នានោះ ឯកឧត្តមបានក្រើនរំលឹកពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ការធ្វើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យបានជួបជុំ និងថែទាំក្រុមគ្រួសារជាទីស្រឡាញ់ទៀតផង។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងខ្សែទូរស័ព្ទជំនួយរហ័ស Hotline លេខ ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីជាតិឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ រួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សម្ផស្សឬសាឡន សម្អាងការ និងជំនាញជាច្រើនទៀត រួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥៥០ កន្លែងក្នុងខេត្តសៀមរាបនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពី រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រខាសវ៉ែល អឹភើរឹល ,សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន វង្ស វឌ្ឍនៈ មេនផៅវ័រ ឯ.ក សម្រាប់ការងារនៅប្រទេសជប៉ុន៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣