ព័ត៌មាន
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយបានរកឃើញ ៥ទីតាំងមានផលិតផលនាំពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា នៅថ្ងៃទី១២ មិថុនា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានបន្តសហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ៣៣កន្លែង ដែលសង្ស័យមានការនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផល និងសាច់បង្កកមានប្រភពនាំចូលមកពីប្រទេសថៃ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងប្រតិបតិការទាំង ៣៣ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងដែលនាំផលិតផល និងទំនិញនាំចូលមកពីប្រទេសថៃចំនួន ៥ទីតាំង។ ទីតាំងទី១ នៅឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB CAMBODIA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន ១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ រួមមាន ស្លាបមាន់ប្រឡាក់គ្រឿង ស្លាបមាន់ប្រឡាក់ម្រេច ភ្លៅមាន់បំពង់ ប្រហិតសាច់មាន់ ហតដកវែងខ្លី ហតដកសាច់មាន់ សាច់មាន់ចំណិត សាច់ហេម សាច់ទ្រូងមាន់ប្រឡាក់គ្រឿង សាច់មាន់ជ្រុង និងទូរទឹកកកសម្រាប់ក្លាស្សេចំនួន ២៥ទូរ។ ទីតាំងទី២ ឃ្លាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន ២១មុខ ស្មើនឹងជាង ១.២០០គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ទីតាំងទី៣ ឃ្លាំងទំនិញធំៗចំនួន ២ ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថាមាននាំចូលទំនិញបង្កកពីប្រទេសថៃ។ តាមការចុះត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញ ផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត និងទីតាំងទី៤ ឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុន LUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន២ ដែលមានផ្ទុកសាច់បង្កកចំនួន២ប្រភេទ មានទម្ងន់សរុបជិត ៣០តោន។ តាមការសួរនាំ និងការបញ្ជាក់ពីតំណាងម្ចាស់ឃ្លាំង បានឱ្យដឹងថា សាច់បង្កកទាំង២ប្រភេទនេះ ផលិតនៅប្រទេសប្រេស៊ីល និងកាណាដា ដោយមានឯកសារយោងចំនួន២ គឺ វិក័យបត្រទិញលក់ និងដឹកជញ្ជូនចេញទៅហុងកុង និងវិញ្ញាបនប័ត្របញ្ជាក់ពីគុណភាពអនាម័យសាច់ ប៉ុន្តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។ ដោយមានការសម្របសម្រួលឯកភាពពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមការងារចម្រុះបិទឃ្លុំទូបង្កកទាំងពីរជាបណ្ដោះអាសន្ន រង់ចាំម្ចាស់រកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប បន្ថែម ដោយទុករយៈពេលមួយសប្ដាហ៍។
លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូរបង្កកទាំង ៤ទីតាំងជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន ៥នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ