ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំគ្រូបណ្ដុះបណ្ដាលជំនាញឱ្យបានច្បាស់ មានជំនាញពិតប្រាកដ និងរៀបចំមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះ ជំនាញ ពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព។ ដូច្នេះដើម្បីបណ្ដុះបណ្ដាលជំនាញនេះឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវត្រៀមលក្ខណៈ គ្រូឱ្យច្បាស់ ឱ្យប្រាកដ និងមេរៀនបង្រៀនឱ្យចំគោលដៅទៅដល់សិស្ស។
សម្ដេចធិបតីបានឱ្យដឹងថា កាលពីសប្ដាហ៍មុនសម្ដេចបានលួចទៅពិនិត្យមើលការបណ្ដុះបណ្ដាលវគ្គហ្វឹកហ្វឺនមួយដែលវគ្គនេះគឺជាមេរៀនថ្មី, ក្រុមគ្រូមួយក្រុមបានស្រាវជ្រាវ, ស្រាប់តែស្រាវជ្រាវបានហើយក្រុមគ្រូនោះបានទម្លាក់មេរៀនទៅឱ្យក្រុមគ្រូមួយក្រុមទៀត ដើម្បីបើកថ្នាក់បង្រៀនសិស្សចំនួន ២០០ នាក់, ពេលនោះសម្ដេចបានសួរទៅកាន់គ្រូៗ តើធ្លាប់បង្រៀនទេ, ក្រុមគ្រូបានប្រាប់សម្ដេចវិញថា មិនធ្លាប់បង្រៀនទេ ធ្លាប់បង្រៀនតែកម្រិតមួយ ប៉ុន្ដែថ្នាក់លើទម្លាក់មេរៀនមកឱ្យបង្រៀនកម្រិតពីរ ដែលចំណុចនេះ គឺសម្ដេចចាត់ទុកជាអនុវត្តមិនត្រឹមត្រូវ។
សម្ដេចធិបតី បញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញនេះ គ្រូត្រូវឱ្យប្រាកដ កុំខ្វះគ្រូ ទៅយកគ្រូជំនាញអគ្គិសនី មកបង្រៀនឆុងកាហ្វេ។ ការបណ្ដុះបណ្ដាលជំនាញនេះ អ្វីដែលត្រូវគិតមុនគេ គឺត្រូវធានាគុណភាពគ្រូ បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។
សម្ដេចធិបតី ថ្លែងថា៖«គំនិតផ្គួចផ្ដើមខ្ញុំគាំទ្រ តែសូមធានាគុណភាពឱ្យបាន ព្រោះរៀនខុសនេះគ្រោះថ្នាក់ទៀត ព្រោះសិស្សត្រូវជឿគ្រូហើយបើគ្រូមិនច្បាស់ទៅបង្រៀនសិស្ស សិស្សរៀនដំបូងគេ យកក្បួនខុសនេះគឺលំបាកហើយ ដូច្នេះត្រូវធ្វើម៉េចយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូ និងរៀបចំមេរៀនឱ្យត្រូវតែម្ដង»។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈដល់យុវជន គឺត្រូវឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ រៀនហើយអាចផ្គុំជាមួយការងារដែលអាចធ្វើទៅបាន ដែលនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលចង់បានសម្រាប់ការបណ្ដុះបណ្ដាលជំនាញនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងការងារ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ, សម្ដេចក៏បានអរគុណដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដែលនាពេលកន្លងទៅនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនពលករត្រឡប់មកពីថៃវិញ តាមរយៈការបណ្ដុះបណ្ដាល និងផ្ដល់ឱកាសការងារដល់ពួកគាត់ជាដើម៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣