ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ ឆ្ពោះទៅការបង្កើតសង្គមមួយដែលមានសិនិទ្ធភាព សមធម៌ និង យុត្តិធម៌ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ ក្នុងន័យនេះ,រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និងជំនាញទន់, ជាផ្នែកមួយនៃគោលដៅយុទ្ធសាស្រ្តទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន» ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាកយរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយ នៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ» ។
មុននឹងបញ្ចប់, សម្ដេចធិបតី បានរំលឹកពីការណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងសង្គមសាស្ត្រ និង គន្លងវិជ្ជាជីវៈ ។ គន្លងវិជ្ជាជីវៈ មានគោលបំណងជួយតម្រង់ទិសសិស្ស ក្នុងការជ្រើសរើសអាជីពការងារ ដោយអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ, ប៉ុន្ដែបានចូលរៀន និងប្រឡងជាប់កម្មវិធីស្ពានចម្លង ឬកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន សម្រាប់យុវជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ និងបានបោះបង់ការសិក្សា រៀនបញ្ចប់ថ្នាក់ទី៩ និងទទួលបានសញ្ញាបត្រសមមូល អាចចូលរៀនឆ្នាំទី១ នៃ គន្លងវិជ្ជាជីវៈ ។ បន្ថែមពីនេះ សម្តេចធិបតីបានថ្លែងថា ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត មានគោលបំណងនាំការបណ្តុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills ក៏មានសារ:សំខាន់ ព្រោះជំនាញទន់នេះ សំដៅលើការអប់រំផ្នត់គំនិត ការគិត ដោយផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯង ដែលនេះគឺជាចំណុចដ៏សំខាន់។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល មិនបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ព្រោះសុខភាព និងការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍប្រជាតិ ។










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ