ព័ត៌មាន
ស្ថានទូតចិនផ្តល់អំពូលសូឡាចំនួន ១ ១៥២ ដល់រដ្ឋបាលឃុំទាំង ៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូលសូឡារបស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួមប្រមាណជាង៣០០នាក់។
ថ្លែងនាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពីទំនាក់ទំនងរាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុងឋានៈជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំបាច់ដល់កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះទុនវិនិយោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។
ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយរបស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយខេត្តបន្ទាយមានជ័យ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈល្អជាងគេស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថានទូតចិន សម្រាប់ការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយប្រទេសទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្តែង ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីផ្តល់ការគាំទ្រ ហើយប្រទេសចិនបានផ្តល់ម៉ាស់ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្រ្តជាច្រើន ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាខេត្តតាមព្រំដែនមុនគេ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតចិនក៏បានចុះសួរសុខទុក្ខជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើក ជាមួយនឹងជំនួយជាសម្ភារៈមួយចំនួនផងដែរ។ លោកអនុប្រធានបេសកកម្មបានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣