ព័ត៌មាន
កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពសម្រាប់សិក្ខាកាមក្នុងវិស័យសំណង់ (CITA-SGA TTC) ដែលជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេស និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាដែលគាំទ្រយ៉ាងរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសការអភិវឌ្ឍជំនាញក្នុងវិស័យការងារ។ ជាក់ស្តែង អនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នា។ ពិធីចុះហត្ថលេខានាថ្ងៃនេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ ការត្រៀមកម្លាំងពលកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា សិង្ហបុរីជាគោលដៅដ៏មានសក្តានុពលសម្រាប់ពលករជំនាញ ហើយភាពជាដៃគូនេះនឹងផ្តល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹង និងបំពេញតាមស្តង់ដាខ្ពស់របស់សិង្ហបុរី ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការ ការបញ្ជាក់សមត្ថភាពជំនាញ និងសុខុមាលភាព។ លើសពីនេះ ភាពជាដៃគូនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការវិនិយោគលើប្រជាពលរដ្ឋ ជំនាញ និងឱកាសនាពេលអនាគត ដែលឆ្លុះបញ្ចាំងពីជំនឿថា ការអប់រំនិងការបណ្តុះបណ្តាល គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការផ្លាស់ប្តូរជីវិតកាន់តែប្រសើរ ការលើកកម្ពស់ជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយនឹងបទពិសោធជាច្រើនទសវត្សរ៍របស់ SG Aston LLP និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ឯកឧត្តមជឿជាក់ យ៉ាងមុតមាំថា បងប្អូនកម្មករសំណង់កម្ពុជាក្រុមដំបូងនឹងអាចបំពេញបានដោយជោគជ័យនូវលក្ខខណ្ឌ និងសមត្ថភាពដែលតម្រូវដោយប្រទេសសិង្ហបុរី ហើយនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ជំនាន់ពលករបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រភាគីទាំងពីរឱ្យទទួលបានជោគជ័យ ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា ការចុះ MoU ជាលើកដំបូងនេះមិនត្រឹមតែគាំទ្រឱកាសការងារក្នុងវិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតនៃទីផ្សារការងារសិង្ហបុរីនាពេលអនាគតផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ស្ទីវិន ផាំង ជីវី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះមិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កម្មករទាំងឡាយ ដែលសុវត្ថិភាពនិងជីវភាពរស់នៅរបស់ពួកគាត់នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងតាមរយៈភាពជាដៃគូនេះ។ ជាមួយនឹងការចាត់ទុក វិស័យសំណង់ ជាគ្រឹះស្នូលនៃការអភិវឌ្ឍ ឯកឧត្តមក៏បានលើកឡើងពីការកសាងទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ដែលផ្អែកលើការគោរពគ្នា និងប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិទាំងពីរ ហើយការចុះហត្ថលេខានាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃការប្តេជ្ញាចិត្តនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏ទន្ទឹងរង់ចាំមើលការបង្កើត និងការរីកចម្រើននៃមជ្ឈមណ្ឌលនេះ ព្រមទាំងស្វាគមន៍ក្រុមដំបូង និងក្រុមជាបន្តបន្ទាប់ជាច្រើនទៀតនៃបងប្អូនកម្មករសំណង់ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលដែលមជ្ឈមណ្ឌលនេះផ្តល់ជូន។
សូមបញ្ជាក់ថា MoU នេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពសិក្ខាកាមក្នុងវិស័យសំណង់ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលនៅកម្ពុជា។ សារៈសំខាន់នៃ MoU នេះគឺផ្តល់នូវវគ្គបណ្តុះបណ្តាលចម្រុះ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្ម និងតម្រូវការកម្លាំងពលកម្មដែលកំពុងវិវត្ត ជាពិសេសលើជំនាញការងារដែកពង្រឹងបេតុង (Rebar) និងការងារទម្រង់បេតុង (Formwork) ព្រមទាំងត្រៀមពង្រីកទៅកាន់មុខជំនាញផ្សេងៗទៀតនាពេលអនាគត។
តាមរយៈភាពជាដៃគូជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះនៅសិង្ហបុរី និងទទួលស្គាល់ជាអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងនាំមកនូវការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ទៅកាន់បណ្តាញមជ្ឈមណ្ឌលបណ្តុះបណ្តាលជាសកល ដើម្បីផ្តល់ជូនកម្មករ និងសិក្ខាកាមនូវចំណេះដឹងជាក់ស្តែង និងសមត្ថភាពដែលត្រូវការសម្រាប់បរិយាកាសការងារពិតប្រាកដ៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣