ព័ត៌មាន
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្ស។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីក៏បានស្នើឱ្យឯកឧត្តមប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕






-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី