ព័ត៌មាន
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និង ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។ ក្នុងន័យនេះ, ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។
សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព EAEU ឱ្យកាន់តែធំធេង និង ប្រសើរឡើង៕







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ