ព័ត៌មាន
សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)។
ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនOCIC បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋានក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ។
ឧកញ៉ាវេជ្ជបណ្ឌិត បានបន្តថា នេះគឺជាដៃគូដែលក្រុមហ៊ុនកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ ឧកញ៉ាសង្ឃឹមថា នេះជាគម្រោងដំបូងគេក្នុងចំណោម គម្រោងជាច្រើនដែលបានធ្វើជាមួយគ្នា។
លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC បានមានប្រសាសន៍ លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានិងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគរយៈពេលវែង។
អាកាសយានដ្ឋានអន្តរជាតិតេជោក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការរបស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃអាកាសយានដ្ឋានឈានមុខមួយក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋានដែលមានសម្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។ ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។
ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យដូចជាអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះនឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕








-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល