ព័ត៌មាន
កម្ពុជាអាចនាំចេញកសិផលចំនួន៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវចំណាយពេលត្រឹមមួយសប្ដាហ៍
ភ្នំពេញ៖ ប្រទេសកម្ពុជា អាចនាំចេញកសិផលចំនួន ៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់តាមប្រទេសឡាវដោយអាចចំណាយពេលលឿនជាងមុន។ ការនាំចេញកសិផលតាមផ្លូវថ្មីនេះ នឹងកាន់តែលឿនរហ័សជាងមុនដោយចំណាយពេលជាង១០ថ្ងៃ មកត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។
កម្ពុជា និងឡាវ កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៦ បានសម្ពោធបើកច្រករបៀងឆ្លងកាត់ផ្លូវគោកថ្មីសម្រាប់ការនាំចេញកសិផលខ្មែរចំនួន ៦ មុខ ទៅកាន់ប្រទេសចិនឆ្លងកាត់តាមប្រទេសឡាវ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅបណ្តាញសង្គមថា ឯកឧត្ត មានកិត្តិយសចូលរួមសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ នេះគឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្ម និងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
ឯកឧត្តម មានប្រសាសន៍ថា៖ «នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជា ម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ»។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច បានឱ្យដឹងថា ការបើកច្រករបៀងថ្មីនេះ នឹងនាំឱ្យកសិផលកម្ពុជាដឹកជញ្ជូនទៅចិន កាន់តែងាយស្រួល លឿនរហ័សជាងមុន ព្រោះអាចដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនរបស់ឡាវទៅកាន់ប្រទេសចិន ហើយ ការចំណាយលើថ្លៃដឹកជញ្ជូនក៏កាន់តែទាប ជាពិសេស ជួយកាត់បន្ថយនីតិវិធីស្មុកស្មាញកាន់តែច្រើន សម្រាប់ការនាំចេញ។
សូមបញ្ជាក់ថា ការដឹកជញ្ជូនកសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារចិនតាមច្រករបៀងឆ្លងកាត់ផ្លូវគោកថ្មីនេះ បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនយ៉ាងច្រើនពីជាង១០ថ្ងៃមកត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ហើយ ទន្ទឹមនឹងការសម្ពោធបើកច្រករបៀងនាំចេញកសិផលឆ្លងកាត់ផ្លូវគោកថ្មីនេះ កម្ពុជាក៏បានដឹកជញ្ជូនទុរេនស្រស់ចំនួន ៤កុងតឺន័រ ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល