ព័ត៌មាន
ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
ឯកឧត្តមបានលើកឡើងថា វិទ្យាស្ថាន TVET នៅកម្ពុជាផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើន ដែលរួមមានទាំងជំនាញកសិកម្ម ការកែច្នៃកសិផល ការកែច្នៃអាហារ បដិសណ្ឋារកិច្ច ឧស្សាហកម្មផលិតកម្ម និងវិស័យសំណង់ មេកាត្រូនិក មេកានិក និងអគ្គិសនីជាដើម។ ជំនាញទាំងនេះ ពិតជាមានតម្រូវការខ្ពស់ដែលនិយោជកអ៊ីស្រាអែលកំពុងត្រូវការ ខណៈដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ការបណ្តុះបណ្តាលកម្មវិធី TVET ឱ្យស្របនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក យ៉ារ៉ុន តាមៀរ ពីរចនាសម្ព័ន្ធ និងដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនត្រឹមតែទទួលបន្ទុកលើការបញ្ជូនពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបន្ទុកលើការអភិវឌ្ឍជំនាញលើវិស័យជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង គោលនយោបាយសំខាន់ៗក្នុងការលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។
ជាការឆ្លើយតប លោក យ៉ារ៉ុន តាមៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងស្មារតីស្ថាបនា ដោយលោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគោលដៅមួយដ៏មានសារៈសំខាន់ដែល អាក្រូស្តាឌី ផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ចសហការនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត សម្រាប់ជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រទេសទាំងពីរ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស សម្រាប់បំពេញតម្រូវការទីផ្សារការងារ។
សូមបញ្ជាក់ថា អាក្រូស្តាឌី ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិឈានមុខមួយ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ កសិកម្មជាពិសេស ដើម្បីគាំទ្រដល់និស្សិតហាត់ការមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផងដែរ។ ជាមួយនឹងបទពិសោធប្រតិបត្តិការជិត ២០ឆ្នាំមកនេះ ចំណុចស្នូលនៃកម្មវិធីសិក្សារបស់ខ្លួន គឺប្រើប្រាស់គោលការណ៍ «រៀនតាមរយៈការអនុវត្តជាក់ស្តែង» (Learning by Doing) ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាជោគជ័យជាង ២ម៉ឺននាក់ ហើយកំពុងតែបន្តបណ្តុះបណ្តាលនិស្សិតហាត់ការជាច្រើនមកពី ១៤ ប្រទេស៕





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល