Connect with us

ព័ត៌មាន

AmCham បង្ហាញឆន្ទៈចូលរួមវេទិកា G-PSF ដើម្បីជួយដោះស្រាយបញ្ហាបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា

តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បង្ហាញនូវឆន្ទៈខ្ពស់ ចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ធុរជន ក្នុងគោលដៅលើកកម្ពស់ដល់បរិយាកាសធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងស្ថានភាពមិនទាន់ប្រាកដប្រជាខ្ពស់។

វិស័យឯកជនគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ ឧស្សាហកម្មក្នុងស្រុក ឱ្យប្រកួតប្រជែងលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវសក្តានុពលទាំងនេះ ការសហការរវាងវិស័យឯកជន សមាគម សហគ្រិនក្នុងស្រុក និងរាជរដ្ឋាភិបាល ដើរតួនាទីជាយុទ្ធសាស្ត្រស្នូល តាមរយៈទិដ្ឋភាពសំខាន់ៗដូចជា៖ ភាពជាដៃគូរដ្ឋ និងឯកជន, ការកែលម្អគោលនយោបាយ, ការពង្រឹងបណ្តាញធុរកិច្ច និងការអភិវឌ្ឍធនធានមនុស្ស និងការច្នៃប្រឌិតជាដើម។

លោក ខេស៊ី បាណេត (Casey Barnett) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) លើក ឡើងថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម លើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនកម្ពុជា-អាមេរិក។ អង្គការមិនស្វែងរកប្រាក់ចំណេញនេះ មានសកម្មភាពស្នូល ដូចជា ការទាក់ទាញវិនិយោគ និងការពង្រីកអាជីវកម្ម ដោយជួយផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងរៀបចំការស្ទង់មតិលើកទឹកចិត្ត ដល់ក្រុមហ៊ុនអាមេរិក និងអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាជាដើម។ បញ្ហានេះ ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាល គឺចង់ ពង្រីងកិច្ចការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីលើកកម្ពស់ដល់បរិយាកាស ធុរកិច្ច ជាពិសេសលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងស្ថានភាពដែលមិនទាន់មានភាពប្រាកដប្រជាខ្ពស់។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអនុប្រធានក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន (G-PSF) លើកឡើងថា ជុំវិញការដាក់បញ្ចូលសមាគមនានា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សភា- ពាណិជ្ជកម្ពុជា បានដាក់បញ្ចូលជាច្រើនរួចហើយ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា លើកកម្ពស់ការអភិវឌ្ឍវិស័យ ឯកជន ពង្រឹងមូលដ្ឋានគ្រឹះកំណើនសេដ្ឋកិច្ច និងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត បន្តថា វិស័យឯកជននៅក្នុង ដំណាក់កាលចុងក្រោយនេះមានការនឿយហត់បន្តិច ខណៈបច្ចេកវិទ្យាកំពុងជឿនលឿន, វិបត្តិជំងឺកូវីដ-១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនៅមជ្ឈឹមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃជាដើម ប៉ុន្តែយ៉ាងណាយើងត្រូវដើរឱ្យទាន់សភាពការណ៍ ដើម្បីភាពប្រកួតប្រជែង និងការរីកចម្រើន ក្នុងអាជីវកម្មខ្លួនឯង និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិ។

ជុំវិញពាណិជ្ជកម្ម និងវិនិយោគ, រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនកំណែទម្រង់ស៊ីជម្រៅដូចជាការរៀបចំក្រមពាណិជ្ជកម្មថ្មី និងការកែ លម្អយន្តការអធិការកិច្ចអន្តរក្រសួង។ វិធានការទាំងនេះ ធ្វើឡើងដើម្បីសម្រួលនីតិវិធីរដ្ឋបាល បង្កើតបរិវត្តកម្មឌីជីថល និងកាត់បន្ថយ បន្ទុកអាជីវកម្ម សំដៅទាក់ទាញការវិនិយោគ និងលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង។ បញ្ហាទាំងនោះរួមមាន ការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្ត, ការធ្វើទំនើបកម្មរដ្ឋបាលនិងឌីជីថល, ការសម្រួលការត្រួតពិនិត្យ និង កិច្ចសន្ទនាសាធារណៈ និងឯកជន តាមរយៈការប្រើប្រាស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ធុរជន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia