Connect with us

ព័ត៌មាន

កម្ពុជាគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រ ៥ចំណុច សម្រាប់តម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងអន្តរកាលថាមពលប្រកបដោយតុល្យភាព

ទីក្រុងញូវយ៉ក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ – ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍។

តំណាងអចិន្ត្រៃយ៍រង ​បានលើកឡើងនូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពលនៃធនធានរ៉ែសំខាន់ឱ្យក្លាយជាតម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលរួមមាន (១) ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ (២) ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់ (៣) ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន (៤) ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និង (៥) ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។

ដោយសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ចដែលកំពុងលូតលាស់ អាចសម្រេចបាន​លើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាលថាមពលប្រកបដោយតុល្យភាព។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia