Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងធម្មការ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការងារបម្រើជាតិ មាតុភូមិ របស់បងប្អូននិវត្តជន ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននិវត្តជននៅក្នុងស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមទៅប្រគល់ជូនដើម្បីផ្ដល់ជូនដល់ពួកគាត់ផងដែរ។

ជាមួយការចុះជួបសំណេះសំណាល និងសួរសុខទុកនេះឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេសជាប់ជាប្រចាំ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន មន្ត្រីរាជការ បុគ្គលិក ឬកម្មករដែលបានចូលនិវត្តន៍ ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិមាតុភូមិ និងសង្គមជាតិនាពេលកន្លងមក។

ឯកឧត្តមថ្លែងថា ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍បានលឿនទាន់ពេលវេលា ២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមាជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពទៅតាមស្ថានភាពសេដ្ឋកិច្ច ទទួលបានកាតមូលនិធិសមធម៌សុខភាព ឬប័ណ្ណ ប.ស.ស ដែលអនុញ្ញាតឱ្យទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូដោយមិនមានការបង់ប្រាក់ ហើយមិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិតក្នុងវិស័យឯកជន ក៏ត្រូវបានដាក់ឱ្យអនុវត្តកាតព្វកិច្ចចូលក្នុងប្រព័ន្ធសោធននិវត្តន៍ ប.ស.ស.ផងដែរ ដើម្បីធានាថាពួកគាត់មានចំណូលថេរនៅពេលចាស់ជរា។ ជាងនេះទៀត ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដើម្បីរំលឹកគុណ និងលើកកម្ពស់តម្លៃរបស់ចាស់ព្រឹទ្ធាចារ្យ និងនិវត្តជន ព្រមទាំងមានការបង្កើតសមាគមមនុស្សចាស់នៅតាមភូមិ-ឃុំ ដើម្បីជួយគ្នាចែករំលែកបទពិសោធន៍ជីវិត ថែមទៀតផង៕ដោយ ៖ សេងឡុង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia