Connect with us

ព័ត៌មាន

កូរ៉េបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារ​កម្ពុជាទទួល​បានសុខភាពល្អ

លោក គីម អ៊ូហ៊្សុកី(KIM WOO HYUK) ប្រធានគណៈប្រតិភូ និងជាលេខាទី២ ផ្នែក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ និងតំណាងមកពីការិយាល័យ កយកា (KOICA) ប្រចាំកម្ពុជា អ្នកជំនាញ ដៃគូ អញ្ជើញមកទស្សនកិច្ច​គម្រោង​នានាជាមួយ​របស់​សាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ ដែលផ្តល់ឱកាសឱ្យឆ្លុះបញ្ចាំង​ពីភាព​ជាដៃគូ​យូរ​អង្វែង និងពិភាក្សាអំពី​ចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍនា​ពេលអនាគតនៃ​ការថែទាំសុខភាព​កុមារ​នៅកម្ពុជា, នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់ កយកា (KOICA) ក្នុងឆ្នាំ២០០៥ ភាពជាដៃគូរបស់យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ការកែលម្អឧបករណ៍វេជ្ជសាស្ត្រ ការបង្កើនសេវាព្យាបាល និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញថែទាំសុខភាព រួមមានការបង្កើតមន្ទីរពេទ្យកុមារទំនើប (២០០៥-២០០៦) ការបង្កើនអគារមិត្តភាពកម្ពុជា-កូរ៉េ (២០១៣-២០១៨) និងគម្រោងបច្ចុប្បន្នផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់មន្ទីរពេទ្យ។ តាមរយៈដំណាក់កាលជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការទទួលបានការថែទាំកុមារឯកទេស និងការកែលម្អគុណភាព នៃការព្យាបាលដែលផ្តល់ជូនកុមារនៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ លោក គីម អ៊ូហ៊្សុកី(KIM WOO HYUK) បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យកុមារជាតិ គឺជាស្ថាប័នសាធារណៈឈានមុខគេរបស់កម្ពុជា ដែលឧទ្ទិសដល់ការថែទាំសុខភាពកុមារ។ ចាប់តាំងពីការគាំទ្រដល់ការសាងសង់អគារមន្ទីរពេទ្យដំបូងក្នុងឆ្នាំ២០០៥ មក ប្រទេសកូរ៉េបានបន្តភាពជាដៃគូរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍន៍ដំណាក់កាលទីបីនេះ ដោយមានគោលដៅជួយឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីការសាងសង់អគារថ្មី គម្រោងនេះក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកូរ៉េ ក្នុងការផ្តល់ជូនកុមារកម្ពុជា ដែលជាអនាគតរបស់ប្រទេសជាតិ នូវការថែទាំវេជ្ជសាស្ត្រដ៏កក់ក្តៅ និងមានគុណភាពខ្ពស់។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស KOICA និងដៃគូទាំងអស់ចំពោះមិត្តភាព និងការគាំទ្រដ៏រឹងមាំរបស់កូរ៉េ។ ការប្តេជ្ញាចិត្តរបស់កូរ៉េ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងមានអត្ថន័យនៅក្នុងជីវិតរបស់កុមារកម្ពុជារាប់មិនអស់ និងគ្រួសាររបស់ពួកគេ និងសូមជូនពរឱ្យអ្នកចូលរួមទាំងអស់មានកិច្ចប្រជុំប្រកបដោយផលិតភាព និងជោគជ័យ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់អ្នកមកកាន់មន្ទីរពេទ្យកុមារជាតិ នឹងពង្រឹងបន្ថែមទៀតនូវចំណងសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នរបស់យើង និងប្រទេសទាំងពីរ៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia