Connect with us

ព័ត៌មាន

ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនបានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ នៅក្នុងទីតាំងបរិវេណវត្តវត្តសំពៅ ភូមិសំពៅ សង្កាត់និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមទាំងមានការចែកកូនឈើដោយឥតគិតថ្លៃចំនួនជាង៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍ ។

ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០២៦ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ការដាំដើមឈើឡើងវិញ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ ហើយពិធីដាំដើមឈើនេះ នឹងចូលរួមលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាននៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានសោភ័ណភាព និងភាពស្រស់បំព្រង ។

ឯកឧត្តមបានបន្តថា ដាំដើមឈើឡើងវិញនេះ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងធានាបាននូវកម្ពុជាបៃតង ប្រកបដោយចីរភាព។ ការណ៍នេះ មិនត្រឹមតែជួយបង្កើតគម្របព្រៃឈើ និងទាក់ទាញនូវភ្ញៀវទេសចរតាមរយៈទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតខ្យល់អាកាសបរិសុទ្ធ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ីផងដែរ ។

ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ដើមឈើស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាស បញ្ចេញអុកស៊ីសែន គ្រប់គ្រងសីតុណ្ហភាព ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះដី និងផ្តល់ជម្រកដល់សត្វព្រៃ ហើយដើមឈើនីមួយៗ ដែលបានដាំនៅក្នុងថ្ងៃនេះ គឺជាការវិនិយោគសម្រាប់បរិស្ថានដ៏មានសុខភាពល្អនៅថ្ងៃស្អែក ។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំផងដែរ ទៅដល់ស្ថាប័ន មន្ទីរជំនាញកសិកម្មនិងបរិស្ថាន ត្រូវពិនិត្យមើលនូវផ្លូវអាទិភាពសំខាន់ៗ ដែលឆ្ពោះទៅកាន់ទីរមណីយដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវដាំដើមឈើលំអរអមសងខាងផ្លូវ ដើម្បីបង្កើនភាពបៃតងគ្រប់រដូវកាល ហើយបានជំរុញ និងលើកទឹកចិត្តទៅដល់មន្ទីរជំនាញ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានក្រុងស្រុក ឱ្យនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីបរិស្ថានទេសចរណ៍ និងកម្ពុជាបៃតង ។

គួរបញ្ជាក់ថា សម្រាប់កូនឈើចំរុះទាំងជាង ៨ពាន់ដើម មានប្រភេទរយៈពេលវែង ដូចជា ដើមក្រញូង ធ្នង់ បេង ត្នោត និងកូនឈើលំអរ ហើយចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងភូមិឋាន និងមូលដ្ឋានរស់នៅ ធ្វើយ៉ាងណាអនុវត្តឱ្យបាន នូវទិសស្លោករបស់រាជរដ្ឋាភិបាល “មនុស្សម្នាក់ដើមឈើមួយដើម” ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia