Connect with us

ព័ត៌មាន

មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ

កំពង់ស្ពឺ៖ ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារស្ថាបនា ជួសជុលកែលម្អរ ថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ មន្ទីរបាននិងកំពុងជំរុញការស្ថាបនា ជួសជុលកែលំអរ ថែទាំកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តដែលកំពុងរងការខូចខាត។

លោក​បាន​បន្ត​ថា​ ក្នុងនោះមន្ទីរបានស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBSTប្រវែង២៨៧០ម៉ែត្រទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មទទឹង១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ ចំនួន១២ផ្លាក និងដាំបង្គោលនាំផ្លូវចំនួន២០ដើម ចាប់ពីគ.ម២០+៤៩០ ដល់គ.ម២៣+៣៦០ ស្ថិតលើកំណាត់ផ្លូវខេត្តលេខ១៤៤០ ក្នុងឃុំជើងរាស់ និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ថែទាំខួបកំណាត់ផ្លូវខេត្តលេខ១៤៤០(R3) ដោយក្រាលកៅស៊ូDBSTប្រវែង២៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រ សងខាងគូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ១២ផ្លាក និងដាំបង្គោលនាំផ្លូវ ចំនួន ១២ដើម ចន្លោះគ.ម០២+៧០០ ដល់គ.ម០៥+០០០ និងស្ថាបនាលូមូលទោល មុខ១ម៉ែត្រ ប្រវែង ១៤ម៉ែត្រ ចំនួន ០៣កន្លែង និងរីហ្គាសងខាងលូ ចំនួន៦កន្លែង ស្ថិតក្នុង ឃុំព្នាយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ថែទាំខួបកំណាត់ផ្លូវជាតិលេខ៤៤(R3) ដោយក្រាលកៅស៊ូDBST ប្រវែង ១៣៩០ម៉ែត្រ ទទឹង១០ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន០៦ផ្លាក ចន្លោះ គ.ម០៩+៨០០ ដល់គ.ម១១+១៩០ ស្ថិតក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ការងារស្ថាបនា ជួសជុល ថែទាំនេះដែរ គឺបានប្រើប្រាស់កញ្ចប់ថវិកាជំពូករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនឆ្នាំ២០២៦ អនុវត្តដោយមន្ទីរជំនាញ ហើយគ្រោងបញ្ចប់នៅមុនបំណាច់ឆ្នាំ២០២៦នេះ។

ពាក់ព័ន្ធនិងការស្ថាបនា ជួសជុល ថែទាំនេះ‎ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះពិនិត្យការដ្ឋានកន្លងមកក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចនោះឡើយ។

ឯកឧត្តម​បាន​បន្ត​ថា​ មួយវិញទៀត មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាននិងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។រឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់ ៕ អត្ថបទ​ បាន​ សុខរិទ្ធិ​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia