ព័ត៌មាន
ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ខេត្តកំពត៖ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤១ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ កំណើនភ្ញៀវទេសចរយ៉ាងច្រើននេះ បានបង្ហាញពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តកំពត ខណៈការរៀបចំសេវាស្នាក់នៅ សន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ក៏ប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន ៤១០.១៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២.២៨៩នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញនានា និងចូលរួមទស្សនាកម្មវិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបានរៀបចំឡើងផងដែរ។
លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថា ភាពទាក់ទាញរបស់ខេត្តកំពត មិនត្រឹមតែស្ថិតនៅលើសម្រស់ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងត្រូវបានបំពេញបន្ថែមដោយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទេសចរណ៍ថ្មីៗក្នុងទីក្រុង។ ក្នុងនោះមានឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារដែលត្រូវបានរៀបចំ និងកែលម្អ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និងប្រព័ន្ធភ្លើងបំភ្លឺលម្អទីក្រុង ព្រមទាំងសួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែលបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូបកម្សាន្ត។
ទន្ទឹមនឹងការទាក់ទាញភ្ញៀវទេសចរច្រើនកុះករ សេវាស្នាក់នៅក្នុងខេត្តក៏មានតម្រូវការខ្ពស់ផងដែរ ដោយរបាយការណ៍បញ្ជាក់ថា ការកក់បន្ទប់ស្នាក់នៅពេញ១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះតម្លៃសេវាកម្មទេសចរណ៍ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលនេះជាចំណុចសំខាន់មួយ ក្នុងការរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការផ្តល់សេវាកម្ម។
លោកក៏បានគូសបញ្ជាក់ដែរថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកម្លាំងប្រដាប់អាវុធទាំង៣ជាសេនាធិការ។ ការងារសំខាន់ៗរួមមាន ការរក្សាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរស្តីទីបានធ្វើការវាយតម្លៃថា ព្រឹត្តិការណ៍ប្រណាំងទូក និងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ លទ្ធផលនេះមិនត្រឹមតែបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពសេវាកម្ម និងការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីបន្តពង្រឹងភាពទាក់ទាញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ ពិសេសបានបង្ហាញដល់ពិភពលោក ថាកម្ពុជាបាននិងកំពុងទទួលផល ផ្លែផ្កាពីសុខសន្តិភាព ហើយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីថែរក្សាសុខសន្តិភាពប្រទេសខ្លួនបន្តទៀត៕










-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត