ព័ត៌មាន
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត ដោយសារកំណើនជាបន្តបន្ទាប់ នៃការវិនិយោគបង្កើត រោងចក្រផ្គុំដំឡើងរថយន្ត ផលិតគ្រឿងបង្គុំយានយន្ត និងរោងចក្រផលិតសំបកកង់រថយន្ត បានចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្ត របស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KNN Group ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើង ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើសុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និង សក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ ប៊ីលានដុល្លារអាម៉េរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤,៧ ប៊ីលានដុល្លារ អាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅ ក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និង រោងចក្រ ផលិតគ្រឿងបង្គុំយានយន្ត, បញ្ហានេះគណៈកម្មាធិការវិនិយោគកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បី សម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិន មកពីជុំវិញពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣