ព័ត៌មាន
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
ស្របពេលការប្រកួតប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង កំពុងមានទីផ្សារទំលូទូលាយទាំងក្នុង និងក្រៅប្រទេស បានធ្វើឲ្យកីឡាករ-កីឡាការិនី ដែលចេះប្រភេទកីឡាប្រយុទ្ធទាំងពីរ ទទួលបានផលចំណេញជាច្រើន និងងាយស្រួលបត់បែនតាមស្ថានការណ៍ ករណីបើមានការប្រែប្រួលពីការចាប់គូប្រកួតគុនខ្មែរ ទៅប្រកួតលក្ខណៈឃីកបុកស៊ីងជាដើម។

នេះបើតាមការលើកឡើងរបស់លោកស្រី សាំង សុម៉ាលី គ្រូបង្វឹកក្លិបអេភូថង និងកូនសិស្ស បន្ទាប់ពីទទួលបានការចែករំលែកបច្ចេកទេសពីគ្រូជំនាញឃីកបុកស៊ីងអន្ដរជាតិរយៈពេល ១០ថ្ងៃ ក្រោយជំនួយរបស់ភេសជ្ជៈ Cambodia Sport+ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភថវិកា ៥០០លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងការនាំយកគ្រូបង្វឹកឃីកបុកស៊ីងអន្ដរជាតិ មកពង្រឹងបន្ថែមនូវការហ្វឹកហាត់បច្ចេកទេសថ្មីៗ ដល់បណ្ដាក្លិបសមាជិកទូទាំងប្រទេស។

ភរិយាអតីតកីឡាករឆ្នើមប្រចាំប្រទេសលោក អេ ភូថង ដដែលបានប្រាប់ BTV ថា ការចេះច្បាស់កីឡាទាំងពីរ ពិតជាល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតបច្ចុប្បន្ន ដែលជួយលើកកម្ពស់ទាំងជីវភាព។ មិនតែប៉ុណ្ណោះ ក៏អាចការពារពេលចាប់គូ ជាក់ស្ដែងបទពិសោធន៍លោកស្រីធ្លាប់ជួបផ្ទាល់ ពេលចេញទៅប្រកួតក្រៅប្រទេស ត្រូវប្រកួតគុនខ្មែរ តែដល់ជាក់ស្ដែង គេតម្រូវឲ្យប្រកួតឃីកបុកស៊ីង។ ករណីនេះ កូនលោកស្រីផ្ទាល់ អាចធ្វើបាន ហើយថែមទាំងយកឈ្នះ ដែលជួយលើកកម្ពស់ ទាំងគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាទៀតផង។

ដោយឡែកកីឡាករ ម៉ឺន មេឃា ដែលមានគ្រឹះដ៏រឹងមាំពីគុនខ្មែរ និងមានបទពិសោធន៍ច្រើនក្នុងការប្រកួតឃីកបុកស៊ីង នៅតែចាត់ទុកការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្ដរជាតិ បានផ្ដល់នូវបច្ចេកទេសថ្មីៗ សម្រាប់ខ្លួន ក៏ដូចជាផ្ដល់ឱកាសឲ្យមិត្តរួមក្រុម បានយល់កាន់តែច្បាស់ពីឃីកបុកស៊ីង ដើម្បីបើកឱកាសប្រកួតបានកាន់តែច្រើន ពិសេសករណីបើមានអ្នកចង់ជួប ដោយមិនហ៊ានប្រកួតគុនខ្មែរ តែចង់ប្រកួតលក្ខណៈឃីកបុកស៊ីងតែម្ដង។

ជាមួយដំណើរការហ្វឹកហាត់ដ៏ជោគជ័យនេះដែរ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ធី កុសល អ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្ដល់នូវវិញ្ញាបនបត្របញ្ជាក់ការទទួលបាននូវការហ្វឹកហាត់បច្ចេកទេសឃីកបុកស៊ីងពីគ្រូបង្វឹកអន្ដរជាតិ ដល់ក្លិបប្រដាល់អេភូថង ជាមួយការវាយតម្លៃខ្ពស់ សម្រាប់ការខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រេបជញ្ជក់យកចំណេះដឹង និងបច្ចេកទេសល្អៗ របស់គ្រូបង្វឹក ក៏ដូចជាកីឡាករទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងផងដែរ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣