ព័ត៌មាន
សិស្សនិទ្ទេស A ម្នាក់ បង្ហើបពីអារម្មណ៍រំភើប និងគោលដៅអនាគតក្នុងការចាប់យកជំនាញពាណិជ្ជកម្ម និងបច្ចេកវិទ្យា
ក្រោយដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រឡងបាក់ឌុប កញ្ញា តាំង ម៉ីអ៊ីង ទទួលបាននិទ្ទេស A ជាសិស្សមកពីសាលាអន្តរជាតិ ចុងអ៊ីង បានឱ្យដឹងពីគម្រោងសិក្សាបន្ត ដោយនឹងរៀនជំនាញផ្នែកពាណិជ្ជកម្ម និងព័ត៌មានវិទ្យា ខណៈកញ្ញាមានក្តីស្រម៉ៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួនមួយនាពេលអនាគត។

នៅក្រោយចប់កម្មវិធីសំណេះសំណាលយុវសិស្សថ្នាក់ទី១២ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម និទ្ទេស A របស់សាលាអន្តរជាតិ ចុងអ៊ីង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញានេះ សិស្សនិទ្ទេស A កញ្ញា តាំង ម៉ីអ៊ីង បាននិយាយដោយទឹកភ្នែករលីងរលោងថា ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និងសឹងតែមិនចង់ជឿថា ខ្លួនឯងអាចធ្វើទៅបាននោះឡើយ។ លទ្ធផលដ៏ជោគជ័យនេះ គឺជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលសិក្សាកន្លងមក។

នៅពេលសួរនាំអំពីជំហានបន្ទាប់ ក្រោយបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ ចុងអ៊ីង នេះ កញ្ញាបានចែករំលែកថា នឹងចាប់យកការសិក្សាលើ «ជំនាញផ្នែកពាណិជ្ជកម្ម ផ្សារភ្ជាប់ជាមួយព័ត៌មានវិទ្យា (IT)»។ ការសម្រេចចិត្តជ្រើសរើសជំនាញចម្រុះនេះ គឺដើម្បីដើរឱ្យទាន់ការវិវត្ត និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិបច្ចុប្បន្ន។ លើសពីនេះទៀត កញ្ញា ក៏បានលើកឡើងនូវក្តីស្រមៃដ៏ធំមួយសម្រាប់ថ្ងៃអនាគតផងដែរថា កញ្ញាចង់បង្កើត និងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនមួយ។

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធានអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅចំពោះលទ្ធផលដែលសិស្សានុសិស្សសម្រេចបាន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាថា ភាពជោគជ័យនាថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា រវាងសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល។ សាលាតែងតែយកចិត្តទុកដាក់ខ្ពស់លើគុណភាពអប់រំ បង្កើតបរិយាកាសសិក្សាដ៏ល្អ និងការតាមដានការសិក្សារបស់សិស្សម្នាក់ៗយ៉ាងដិតដល់។ ជាពិសេស ស្របតាមទស្សនៈវិស័យរបស់សាលា គឺបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយគុណធម៌ និងជាទំពាំងស្នងឬស្សីដ៏មានប្រសិទ្ធិភាពសម្រាប់សង្គមជាតិ។
ដើម្បីជាការឆ្លើយតប និងអបអរសាទរចំពោះលទ្ធផលដ៏ឆ្នើមនេះ សាលាអន្តរជាតិ ចុងអ៊ីង ក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តយ៉ាងពិសេសជូនដល់ កញ្ញា តាំង ម៉ីអ៊ីង ក៏ដូចជាសិស្សានុសិស្សដទៃទៀត។ ការផ្តល់រង្វាន់ជ័យលាភីនេះ មិនត្រឹមតែជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងភាពឆ្លាតវៃរបស់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាលា ក្នុងការគាំទ្រ ជំរុញ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ជាទុនក្នុងការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ