Connect with us

ព័ត៌មាន

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក កើនឡើងដល់ជិត ១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែឆ្នាំនេះ

ភ្នំពេញ៖ សហរដ្ឋអាមេរិកនៅតែជាទីផ្សារសំខាន់ជាងគេសម្រាប់ផលិតផលរបស់កម្ពុជា ដែលនាំឱ្យការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០២៦ កើនឡើង ២៩ ភាគរយៈបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី១០ វិច្ឆិកានេះ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំនេះ ការដោះដូរទំនិញរវាងកម្ពុជានិងសហរដ្ឋអាមេរិកសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ១៣,៨២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ទិន្នន័យដដែល បានបង្ហាញទៀតថា ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិកមានតម្លៃជាប្រាក់ជាង ១៣,២៧ ភាគរយ កើនឡើង ២៧,៨ ភាគរយ ខណៈដែលកម្ពុជាបាននាំចូលមកវិញក្នុងទំហំទឹកប្រាក់ជាង ៥៤៩លានដុល្លារអាម៉េរិក កើនឡើង ៥៨,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងកាបូប, សំបកកង់រថយន្ត, គ្រឿងបន្លាស់ និងគ្រឿងបង្គុំអគ្គិសនី, សង្ហារឹម,ផលិតផលកសិកម្មមួយចំនួនទៀត ដូចជា អង្ករ ជាដើម។

ក្រៅពីទីផ្សារសហរដ្ឋអាមេរិក គឺប្រទេសចិន, ជប៉ុន, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី,សាធារណរដ្ឋកូរ៉េ,កាណាដា, អេស្ប៉ាញ, ឥណ្ឌូនេស៊ី និងទីផ្សារសំខាន់ៗមួយចំនួនទៀត សុទ្ធសឹងជាទីផ្សារចម្បងៗជាងគេសម្រាប់ប្រទេសកម្ពុជា នាពេលនេះ។​

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជាដោះដូរទំនិញជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៦៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២០,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។​ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ២៩,៩៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២០,៤ ភាគរយ ខណៈកម្ពុជានាំចូលមកវិញក្នុងទំហំទឹកប្រាក់ជាង ៣៣,៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia