ព័ត៌មាន
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំ ២ឆ្នាំម្ដង បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និងមោទនភាពក្រៃលែង ក្រោមការចូលរួមសហការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

នេះគឺជាលើកទី៣ ហើយ ដែលក្រុមហ៊ុនបានចូលរួមឧបត្ថម្ភផ្តាច់មុខក្នុងមហាព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ។ កិច្ចសហការដ៏មានតម្លៃនេះ បានបង្កើតជាវេទិកា និងឱកាសដ៏ទូលំទូលាយសម្រាប់អត្តពលិកជាតិ និងអត្តពលិកជនពិការមកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស និងក្រសួងមួយចំនួន បានបញ្ចេញអស់នូវសមត្ថភាព ទេពកោសល្យ និងស្មារតីប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ ព្រមទាំងជាការជំរុញការសម្រិតសម្រាំងធនធានអត្តពលិកឆ្នើមៗ ដើម្បីត្រៀមលក្ខណៈតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិនានា។
ទន្ទឹមជាមួយកិច្ចសហការនេះដែរ តំណាងក្រុមហ៊ុន វឌ្ឍនៈ បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែង ដែលបានបន្តចូលរួមចំណែកជាម្ចាស់ឧបត្ថម្ភផ្តាច់មុខក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដ្បិតការគាំទ្រវិស័យកីឡា មិនមែនត្រឹមតែជាការឧបត្ថម្ភដល់ការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏មានតម្លៃបំផុតលើសុខុមាលភាព ស្មារតីតស៊ូ និងសក្តានុពលរបស់យុវជនកម្ពុជា។ ជាមួយគ្នា ក្រុមហ៊ុនក៏បានកោតសរសើរចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងរបស់អត្តពលិកគ្រប់រូប ហើយក្រុមហ៊ុន នឹងនៅតែបន្តឈរនៅពីក្រោយគាំទ្រគ្រប់ជំហាន ដើម្បីជំរុញឱ្យទង់ជាតិកម្ពុជាកាន់តែបក់រវិចយ៉ាងត្រដែតលើឆាកអន្តរជាតិ។
លើលសពីព្រឹត្តិការណ៍កីឡាកម្រិតកំពូលថ្នាក់ជាតិនេះ ក្រុមហ៊ុន ក៏តែងតែដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ប្រភេទកីឡាជាច្រើនទៀត រួមមានកីឡាបាល់ទាត់ ប្រដាល់គុនខ្មែរ ប្រដាល់សកល កីឡាតេក្វាន់ដូ និងកីឡារត់ប្រណាំង ក៏ដូចជាកីឡាកាយសម្ព័ន្ធជាដើម ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនជំនាន់ក្រោយ ឱ្យងាកមកស្រឡាញ់កីឡា ចូលរួមលេងកីឡាដើម្បីសុខភាព ព្រមទាំងបណ្តុះស្មារតីវិន័យ ការតស៊ូ អំណត់ព្យាយាម និងសាមគ្គីភាពតាមរយៈវិស័យកីឡា។
ចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស និងអនាគតដ៏រឹងមាំរបស់កម្ពុជានេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនទៀតរបស់ក្រុមហ៊ុន ដែលបានបន្តចូលរួមគាំទ្រយ៉ាងសកម្មលើវិស័យអប់រំ វប្បធម៌ មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ ហើយ វឌ្ឍនៈ នឹងនៅតែបន្តបេសកកម្មក្នុងការរួមចំណែកជាមួយសង្គមជាតិ ដើម្បីជំរុញ និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើនឈានឡើងជាលំដាប់ ព្រមទាំងបន្តផ្តល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីខ្មែរគ្រប់រូប ឱ្យបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីនាំមកនូវកិត្យានុភាព និងមោទនភាពជូនជាតិមាតុភូមិ៕ អត្ថបទ លី ឈុនឡា









-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា7 days agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់