Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូដែលមិនអាចខ្វះបាន។ ប្រសាសន៍របស់សម្ដេចធិបតីនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦» នៅកោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្ដេចធិបតី បានបង្ហាញក្ដីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ខណៈវេទិកានេះមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

សម្ដេចធិបតី សម្ដែងនូវការកោតសរសើរ និងអរគុណចំពោះសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា, សហព័ន្ធធុរកិច្ចអន្តរជាតិ និងសមាគមអន្តរជាតិ ក៏ដូចជាគណៈកម្មារៀបចំ និងភាគីពាក់ព័ន្ធដែលបានរួមគ្នារៀបចំវេទិកានេះឡើង ដើម្បីផ្ដល់ឱកាសដល់វិនិយោគឯកជនជាតិ និងវិស័យឯកជនបរទេសបានជួបជុំដើម្បីផ្លាស់ប្ដូរទស្សនៈ កសាងភាពជាដៃគូ បង្កើតកាលានុវត្តភាពវិនិយោគជាក់ស្ដែង។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់វិស័យឯកជន ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈចំណុចគន្លឹះជាច្រើនដូចជា៖ ការលើកស្ទួយផលិតកម្មក្នុងស្រុក ដោយបានជំរុញការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតឱកាសការងារ និងអភិវឌ្ឍជំនាញដល់ពលរដ្ឋ និងការជំរុញនវានុវត្តន៍ និងប្រសិទ្ធភាព តាមរយៈការបង្កើនផលិតភាពនៃការចាប់យកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ក្នុងអាជីវកម្មជាដើម។

សម្តេចធិបតីបានថ្លែងថា៖ «រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារនិងជំនាញ, ការជំរុញប្រសិទ្ធភាព និងនវានុវត្តន៍តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍»។

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវបរិយាកាសវិនិយោគ និងធុរកិច្ច តាមរយៈការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មី ក្នុងឆ្នាំ២០២១, ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និងវិនិយោគដោយបានពង្រឹងយន្តការច្រកចេញចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និងសេវាគាំទ្រថែទាំវិនិយោគ, ព្រមទាំងបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia