ព័ត៌មាន
មន្រ្តី គ.ជ.ប ក្រើនរំឭកពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះខិតជិតដល់ថ្ងៃបិទបញ្ចប់
នៅ៤ថ្ងៃទៀតប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងត្រូវបិទបញ្ចប់។ ជាមួយគ្នានេះ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ពលរដ្ឋសញ្ជាតិខ្មែរមានអាយុ១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។
លោក ចន្ថា អរុណ ប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោតសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់BTVថា តាមការសង្កាត់ប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោម បាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រជាបន្តបន្ទាប់ ដោយប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ។ លោក ចន្ថា អរុណ បានបន្តថា គិតចាប់ពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ពលរដ្ឋខ្មែររស់នៅសង្កាត់ចាក់អង្រែក្រោម មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន៤៦០នាក់ និងអ្នកធ្វើជីវមាត្រចំនួនជាង១ពាន់នាក់។ លើសពីនេះ លោកបានក្រើនរម្លឹកដល់ពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោម មានអាយុ១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមរួសរាន់មកចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ចន្ថា អរុណ ថ្លែងថា «ឆ្នាំនេះ អ្នកមកចុះឈ្មោះបោះឆ្នោតគ្រប់អាយុ១៨ឆ្នាំ និងអ្នកផ្ទេរទីលំនៅចូលសង្កាត់ចាក់អង្រែក្រោមមានចំនួនច្រើន ហើយឥលូវនេះ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេលតែ៤ថ្ងៃទៀត នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួសរាន់មកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិអាចបោះឆ្នោតបាននៅឆ្នាំ២០២៧»។
ពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោម ថ្ងៃនេះមកសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបច្ចុប្បន្នភាពជីវមាត្រក្នុងបញ្ជីបោះឆ្នោតថ្មី ដូចជា ថតរូប និងផ្តិតមេដៃ ដើម្បីងាយស្រួលពេលទៅបោះឆ្នោតនៅឆ្នាំក្រោយ។ ពលរដ្ឋបន្តថា ពេលមកដល់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ក្រុមការងារ គ.ជ.ប បានយកចិត្តទុកដាក់ និងផ្តល់សេវាលឿនរហ័សមិនចំណាយពេលយូរនោះទេ ដូច្នេះសូមបងប្អូនគួរមកធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីអាចមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ដែលយើងស្រលាញ់ពេញចិត្ត។
ពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោមបានថ្លែងថា «ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់យើងមានសិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ សង្កាត់ នៅឆ្នាំក្រោយ ប្រសិនបើយើងមិនមានឈ្មោះទេ គឺយើងមិនអាចបញ្ចេញមតិជ្រើសរើសថ្នាក់ដឹកនាំរូបណាដែលយើងពេញចិត្ត ឬមិនពេញចិត្តបានឡើយ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពី លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល៥០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានលទ្ធផលដូចជា៖
– ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៨៥,០៣១នាក់
– អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២០៧,៤៧៣នាក់
-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួន១,៤៧០,២៣៦នាក់
-អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួន ១,៤៨៣,១៤៦នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៣១៤, ៦៦១នាក់
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការតាំងពីថ្ងៃទី៧ ខែតុលានេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត៕ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា