ព័ត៌មាន
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០ ដើម្បីរៃអង្គាសមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ ៖ មីជាតិ បន្តសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។
ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំ គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ មួយវិញទៀតការចូលរួមរបស់វិស័យឯកជនពិតជាកម្លាំងចលករដ៏សំខាន់តួយ៉ាងដូចមីជាតិ និង វីតាល់ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែក នៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ។
លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានលើកឡើងថា៖ មីជាតិ ពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំរួចមកហើយ ពិសេសក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង។ ក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៨០លានរៀល ដែលបានពីមូលនិធិខ្មែរដើម្បីខ្មែរ ដែលជាការចូលរួមបរិច្ចាគដោយផ្ទាល់ ពីអតិថិជនមីជាតិ តាមរយៈការជាវមីជាតិគ្រប់ៗកញ្ចប់ ដើម្បីបានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
ចំណែកលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ៖ មន្ទីរពេទ្យកុមារអង្គរ និងកុមារដែលបានសម្រាកព្យាបាលសូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងស្មោះជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពិសេសក្រុមហ៊ុនមីជាតិ ដែលបានចូលរួមគាំទ្រជាដរាបដល់ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៍មួយនេះ និងបរិច្ចាគវិភាគទានជាច្រើនលានរៀលចំនួន៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរខេត្តសៀមរាបផងដែល។ មីជាតិ ក៏សូមអំពាវនាវដល់ វិស័យឯកជន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”