ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមវប្បធម៌កូរ៉េ ជួបសំដែងការគួរសម
នៅរសៀលថ្ងៃទី១០ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ(KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម។
សម្ដេចតេជោបានសំដែងនូវសេចក្តីសប្បាយរីករាយដែលបានជួបជាមួយសមាគមវប្បធម៌កូរ៉េ ក្នុងឱកាសដែលសម្តេចបានអញ្ជើញមកទីក្រុងអ៊ីឆន់ នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកខួបលើកទី២៥។
លោកប្រធានសមាគមបានជំរាបជូនសម្តេចថា លោកក៏ធ្លាប់បានសិក្សាអំពីប្រវត្តិសាស្ត្រ ការដែលសម្តេចតេជោបានបញ្ចប់សង្គ្រាម ហើយនាំមកនូវសុខសន្តិភាព និងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
លោកប្រធានសមាគមក៏បានគោរពជំរាបជូនសម្តេចថា លោកបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល ដើម្បីរៀបចំសកម្មភាពនានានៃគម្រោងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ដោយកម្ពុជា និងសាធារណរដ្ឋកូរ៉េមានទំនាក់ទំនងល្អ ហើយកិច្ចសហការនេះគឺធ្វើតាមរយៈស្ថានទូតកម្ពុជានៅទីក្រុងសេអ៊ូល។ លោកក៏បានសំណូមពរ ឱ្យរាជរដ្ឋាភិបាលកម្ពុជាគាំទ្រគម្រោងនានាដើម្បីបំរើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌នៃប្រទេសទាំង២ ឱ្យមានការរីកចម្រើន។
លោកថា កាលពីខែឧសភាកន្លងមករូបថត២០០០សន្លឹកអំពីវិស័យវប្បធម៌នៅកម្ពុជាដូចជារូបថតប្រាសាទអង្គរវត្ត ប្រាសាទបុរាណនានាជាច្រើនត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦កញ្ញាខាងមុខនេះ នឹងរៀបចំធ្វើរាត្រីសមោសរមួយ ដើម្បីរៃអង្គាសពីសប្បុរសជនជួយដល់ក្រុមគ្រូពេទ្យធីតានៅកម្ពុជា។ សមាគមវប្បធម៌កូរ៉េក៏មានគម្រោងរៀបចំពិព័រណ៍គំនូរ និងរាត្រីស្រមោលសថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាបក្នុងគោលដៅធ្វើអោយ រាត្រីស្រមោលសនោះបានប្រព្រឹត្តិទៅជោគជ័យ ដោយ សមាគមវប្បធម៌កូរ៉េនិងនាំយកទៅជាមួយនូវសិល្បករ សិល្បការិនីល្បីៗ ទៅធ្វើការបង្ហាញម៉ូតនៅកម្ពុជាផងដែរ។
លោកក៏បានជំរាបជូនអំពីបំណងផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីឱ្យបានស្គាល់អំពីវប្បធម៌របស់កម្ពុជា ជាពិសេសកូនៗរបស់កម្ពុជានៅប្រទេសកូរ៉េបានស្គាល់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់គេ។
ទន្ទឹមនេះ សមាគមក៏មានគម្រោងរៀបចំជាវេទិកា ឬសិក្ខាសាលា ផ្សេងៗឱ្យបានសកម្មរវាងប្រទេសទាំង២។
សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះគម្រោងនានាដែល លោកប្រធានសមាគមវប្បធម៌កូរ៉េបានរៀបរាប់ អំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានធ្វើកន្លងមក និងនៅពេលអនាគត ដើម្បីជំរុញនូវទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។
សម្ដេចបានបញ្ជាក់ថា ដើម្បីឲ្យការផ្លាស់ប្ដូរ និងការតភ្ជាប់តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះគឺមានតម្លៃ មិនគ្រាន់តែសម្រាប់ប្រជាជន និងប្រជាជនទេ ប៉ុន្តែក៏មានតម្លៃ លើការពង្រឹងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ និងរវាងរាជធានី និងរាជធានីផងដែរ។ សម្តេចថាការផ្លាស់ប្ដូរប្រជាជននិងប្រជាជនក៏ជាចំណែកជួយជំរុញដល់វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ដោយប្រទេសទាំង២ ជាដន្លងនឹងគ្នា ក្នុងនោះស្ត្រីខ្មែរប្រមាណជា៨ពាន់នាក់បានរៀបការជាមួយបុរសកូរ៉េ ហើយមានកូន ចៅជាង១ម៉ឺននាក់ ដែលកូនចៅ របស់គេគឺត្រូវស្គាល់អំពីវប្បធម៌ នៃប្រទេសទាំងពីរនិងត្រូវបង្កើតឲ្យមានការទៅមក ដើម្បីឲ្យគេបានស្គាល់នូវជីដូនជីតារបស់គេ និងធ្វើឲ្យមានការបង្កើនល្បឿនលំហូរទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។
សម្ដេចក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េ បន្តធ្វើការជាមួយគ្នា លើការផ្លាស់ប្ដូរវប្បធម៌នេះ ហើយសង្ឃឹមថា លោកប្រធានសមាគមវប្បធម៌កូរ៉េ និងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាញឹកញាប់។
លោកប្រធានសមាគមក៏បញ្ជាក់ថា កាលពីខែសីហាលោក និងសមាគមបានទៅទស្សនកិច្ច និងទស្សនាប្រាសាទអង្គរវត្ដ។ ជាចុងក្រោយសម្តេច បានលើកទឹកចិត្តឲ្យសមាគមធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េដើម្បីធ្វើសកម្មភាពក្នុង គោលដៅផ្លាស់ប្ដូរវប្បធម៌ និងវប្បធម៌ក៏ដូចជាការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បីជំរុញដល់កំណើនទេសចរណ៍រវាងប្រទេសទាំង២ឲ្យបានកាន់តែច្រើនថែមទៀត៕ អត្ថបទ មុត សុទ្ធ



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់