ព័ត៌មាន
សម្ដេចធិបតី៖ «សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយសដែលបានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺដើម្បីរៀបចំអនាគតសម្រាប់ពិភពលោកទាំងមូល។ សម្ដេចបន្តថា កិច្ចប្រជុំកំពូលស្ដីពីអនាគតនេះ គឺជាវេលាដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមថ្ងៃមុខ។ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈ ស្ដែងចេញពីដំណើរដែលប្រទេសកម្ពុជាបានឆ្លងកាត់បន្ទាប់ពីបានងើបចេញពីស្រមោលនៃជម្លោះ។ សម្ដេចធិបតីបន្តថា មនុស្សទាំងអស់គ្នាបានដឹងហើយថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្ដក៏បានបង្ហាញឱ្យឃើញថា ប្រសិនបើគ្មានសន្ដិភាពនោះទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវការអប់រំប្រកបដោយគុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនឹងកាន់តែពិបាកសម្រេចបានផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានក្រើនឭកយើងអំពីសារៈសំខាន់នៃការធ្វើការរួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង។ កម្ពុជា ក៏មានមោទនភាពផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការថែរក្សាសន្ដិភាពសកលលោក។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើងបានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅបម្រើការងារនៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្ដីចំនួន ៨០០ នាក់។
សម្ដេចបានបញ្ជាក់ថា «កងរក្សាសន្ដិភាពរបស់យើងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេស នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមតែបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្ដិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានបង្ហាញអំពីសារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុខសុវត្ថិភាព និងស្ថិរភាពនៅទូទាំងពិភពលោកផងដែរ»។
សម្ដេចធិបតី បន្ថែមថា ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នា តាមរយៈកម្មវិថីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលទប់ទល់នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) បង្ហាញពីអភិក្រមក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់យើង ដោយផ្ដោតសំខាន់លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងាំអនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ដដ៏ទូលាយរបស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេចស្របជាមួយនឹងការការពារបរិស្ថានផងដែរ៕

-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន6 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន7 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា6 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ