ព័ត៌មាន
ក្រសួងអប់រំ ជ្រើសរើសយុវជន ៥ក្រុម ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» វគ្គពាក់កណ្ដាលព្រ័ត នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រកួតប្រជែងនេះ មានការចូលរួមពីយុវជនថ្នាក់ទី ១០ និងថ្នាក់ទី ១១ចំនួន ១៥ក្រុម ដែលលទ្ធផលចុងក្រោយ នឹងសម្រេចយក ៥ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅខែ វិច្ឆិកា ខាងមុខ។
កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» ជាកម្មវិធីដែលនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៤ កម្មវិធីមួយនេះ បានឈានដល់វគ្គពាក់កណ្ដាលព្រ័ត្រ ដោយបានអញ្ជើញយុវជនទាំង ១៥ក្រុម ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីផែនការអាជីវកម្មរបស់ខ្លួន នៅពីមុខគណៈកម្មការដាក់ពិន្ទុ។ នេះជាការលើកឡើងរបស់ លោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន។

លោកប្រធាននាយកដ្ឋាន លើកឡើងថា ១៥ក្រុម ដែលប្រកួតនៅថ្ងៃនេះ ជាក្រុមដែលត្រូវបានជ្រើសរើសចេញពីក្រុមចូលរួមប្រកួតសរុប ៥៥ក្រុម។ ពួកគេទាំង ១៥ក្រុម ត្រូវធ្វើបទបង្ហាញពីផែនការអាជីវកម្ម ឆ្លើយសំណួររបស់គណៈកម្មការដាក់ពិន្ទុ ដើម្បីអាចជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ដែលក្រសួងនឹងរៀបចំឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ វ២០២៤។
លោកលើកឡើងឱ្យដឹងដែរថា ការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ផ្ដល់ជាអត្ថប្រយោជន៍ លើសពីប្រាក់រង្វាន់។ អត្ថប្រយោជន៍ រាប់បញ្ចូលទាំងបទពិសោធន៍ ចំណេះដឹង ទំនាក់ទំនង និងឱកាសសហការដើម្បីធ្វើឱ្យអាជីវកម្មមួយនោះ កើតចេញជារូបរាងពិតប្រាកដ។

ការប្រកួតប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះ ជាការប្រកួតរបស់ យុវជន ១៥ក្រុម មកពី ១៥រាជធានី-ខេត្តផ្សេងគ្នា។ ពួកគេមានគម្រោងផែនការ អាជីវកម្មផ្សេងគ្នា និងភាពជឿជាក់រៀងខ្លួន។ ក្រុមខ្លះ ពុំទាន់បានបង្កើតជាផលិតផលគំរូ នោះទេ សម្រាប់អាជីវកម្មរបស់ខ្លួន រីឯក្រុមខ្លះ បានបង្កើតចេញជាផលិតផលគំរូ ក៏ដូចជាផលិតផលលក់នៅលើទីផ្សារផងដែររួចទៅហើយ។

សម្រាប់ក្រុមប្រពៃ មកពីខេត្ត បន្ទាយមានជ័យ បាននាំយកផលិតផលជាដុំសាប៊ូ ផលិតចេញពីស្លឹក ដង្ហិត មកធ្វើបទបង្ហាញដោយផ្ទាល់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។ យុវតី ណែន សុផៃ ជាតំណាងក្រុម លើកឡើងជាភាពជឿជាក់ថា ក្រុមរបស់ខ្លួននឹងឡើងទៅវគ្គផ្ដាច់ព្រ័ត។
កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» នៅក្នុងឆ្នាំ ២០២៤នេះ មានការកំណត់លក្ខណ្ឌបេក្ខជនចូលរួមខុសពីរាល់ឆ្នាំ។ កន្លងទៅកម្មវិធីនេះ បើកទូលាយសម្រាប់សិស្សវិទ្យាល័យ សិស្សសាកលវិទ្យាល័យ សុទ្ធតែអាចចូលរួមបាន។ តែឆ្នាំនេះ កម្មវិធីកំណត់សម្រាប់តែសិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា