ព័ត៌មាន
កម្មករ-កម្មការនី អរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ
ក្រុមកម្មករ-កម្មការនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និងនិយោជក ដែលបានគិតគូរ និងតម្លើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៥ ខាងមុខ និងអះអាងទៀតថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ដើម្បីអរគុណដល់ថ្នាក់ដឹកនាំគ្រប់ភាគី ដែលខ្នះខ្នែងចរចាក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ។

លោក សំ វុទ្ធី ប្រធានសហជីពសំឡេងយុវជនខ្មែរប្រចាំនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅតំបន់ទ្រុងមាន់ ខណ្ឌមានជ័យ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា ពាក់ព័ន្ធការបន្តមានកំណើនប្រាក់ឈ្នួលអប្បបរមានេះ បងប្អូនកម្មករពិតជាមានការសប្បាយចិត្ត ដែលពីមួយឆ្នាំទៅមួយឆ្នាំបានឡើងប្រាក់ឈ្នួល ទោះបីឡើងមិនបានច្រើន ក៏ប៉ុន្តែគឺដំឡើងជារៀងរាល់ឆ្នាំមិនដែលខាន។ ជាក់ស្តែងក្នុងវិបត្តិសាកលកូវីដ១៩ រហូតមកដល់ពេលនេះឃើញថាតួលេខប្រាក់ឈ្នួលនៅតែបន្តមានកំណើន។

លើកឡើងស្រដៀងគ្នាខាងលើនេះ ក្រុមកម្មកររោងចក្រ សៀងហៃ សាន់វីន ហ្វឺសថេក ស្ថិតនៅក្បែគ្នាខាងលើនេះ បាននិយាយថា ការចរចាដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះអាចតម្លើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថាកើនថែមទៀត។ កម្មករ កម្មការនី បានសន្យាថា ដើម្បីជាការឆ្លើយតបចំពោះការយកចិត្តទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញការងារឲ្យអស់លទ្ធភាព និងចូលរួមគោរពវិន័យឲ្យបានល្អដែលថ្នាក់ដឹកនាំដាក់ចេញ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ទោះបីមិនសមបំណងទៅតាមអ្វីដែលជាការចង់បានរបស់កម្មករ កម្មការិនី ប៉ុន្តែសហជីព គឺបានខិតខំអស់ពីលទ្ធភាពហើយ។ ជាមួយនេះ លោកក៏បានអរគុណជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរជាប់ជានិច្ចនូវសុខទុក្ខរបស់កម្មករនិយោជិត។ លោកសង្ឃឹមទៀតថា កម្មករនិយោជិតក៏ត្រូវតែខិតខំ ធ្វើយ៉ាងណាបណ្តុះបណ្តាលជំនាញខ្លួនឯងឲ្យមានជំនាញពិតប្រាកដ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលតែងតែលើកទឹកចិត្តក្នុងការដាក់ឲ្យមានកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំផងដែរ។

ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចលទ្ធផលផ្លូវការចំនួន ២០៦ដុល្លារ ដោយមានការបន្ថែមពីលើ ២ដុល្លារទៀត សរុបគឺចំនួន ២០៨ដុល្លារ ដែលដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥តទៅ។ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា រង្វាន់ធ្វើការទៀងទាត់ , ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិតក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់