Connect with us

ព័ត៌មាន

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

នៅព្រឹកថ្ងៃទី២៤កញ្ញាឆ្នាំ២០២៤ ស្របពេលដែលកម្ពុជាអបអរសាទរ​ខួបលើកទី៣១ នៃ​«ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញា» (២៤ កញ្ញា ១៩៩៣ -២៤ កញ្ញា ២០២៤) ព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ​បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់បំផុតក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រដែលជាសមិទ្ធផលថ្មីបន្ថែម​ទៀតរបស់ប្រ​ជាជាតិខ្មែរ​ ដែល​សាង​សង់​ឡើង ស្ថិតនៅមុខវត្តលង្កាព្រះកុសុមារាម និងខាងលិចវិមានឯករាជ្យ។

ព្រះរាជវត្តមាននៃស្តេចយាងដល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ត្រូវបាន​សម្តច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជន​សំខាន់ៗ​ជា​ច្រើន​ទៀត​បាន​ថ្វាយ​ព្រះរាជវន្ទកកិច្ចដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងអង្គព្រះរាជពិធីទាំងមូលបានស្តេចយាងគោរពនិងអញ្ជើញគោរព​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា យាងទត និង ទស្សនារបាំថ្វាយព្រះពរ ដោយ​ទឹក​ព្រះទ័យ និងសេចក្តីសោមនស្សរីករាយ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានទូលថ្វាយនិងជំរាបជូនថា៖ ដើមហេតុនៃការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​យល់​ឃើញថា រដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់ឡាយ​ព្រះ​ហត្ថ​លេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ នៅថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអាទិភាព និងស្ថេរភាពយូរអង្វែង​ជាង​គេ​ក្នុង​ប្រវត្តិ​រដ្ឋ​ធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​បាននិង​កំពុង​បោះ​ជំហាន​ទៅ​មុខសម្រេច​បានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រ​តែ​មួយ​ព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកប​ដោយ​វឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានឃឿនអរិ​យធម៌ និង​ប្រពៃណី​ទំនៀម​ទំលាប់​ល្អតាំងពីបុរាណកាលមក។

វិមានរដ្ឋធម្មនុញ្ញនេះ បានប្រើប្រាស់ថវិកាជាតិ សរុប២លាន២សែន​៣​ម៉ឺន​៨​ពាន់​៨៤៧​ដុល្លារ​អាមេរិក​ តាមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តម អ៊ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៣ ដោយប្រើរយៈពេល​អស់ប្រមាណ១៤ខែ ដោយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៤។ វិមាននេះ មានកម្ពស់ ពីទ្រនាប់ខ្សាច់ ដល់កំពូលត្រីសូលសរុប ២៣.៤ម៉ែត្រ និង​មាន​ទំងន់​សរុប ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ២ពាន់៣៨០ម៉ែត្រក្រឡា សង់បែរ​មុខ​ទៅ​ទិស​ខាងកើត។

ក្នុងបរិយាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វ​ព្រះរាជ​ហឫទ័យ ស្តេចយាងប្រទានព្រះរាជសុន្ទរកថា ប្រកបដោយ​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ដោយថ្ងៃនេះ ត្រូវជាខួប៣១ឆ្នាំដែល ប្រជា​ជាតិ​យើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជា​ជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ​យើង​។

ជាមួយនឹងការថ្លែងសរសើរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលបាន​ថ្វាយ​របាយការណ៍​ស្តីពីការកសាងវិមានរដ្ឋធម្មនុញ្ញ ដែល​ជា​បូជនីយស្ថាន​តំណាង​រដ្ឋធម្មនុញ្ញ​នៃ​ជាតិ​យើង ​ព្រះអង្គបានបញ្ជាក់ថា ជាសច្ចធម៌​មិន​អាច​ប្រកែក​បាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យ​ដោយ​មាន​នយោបាយ ​ឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទា​ល់​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និង​អរិយធម៌​អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជាកោះសន្តិភាព​ឡើង​វិញ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិ​បាន​ឈាន​ឡើង​រីក​ចម្រើន​លូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។

សមិទ្ធផល​ធម្មនុញ្ញដ៏ឧត្តុង្គឧត្តមមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា និងបន្ត​អភិវឌ្ឍន៍​ប្រកប​ដោយភាពអង់អាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​បច្ចុប្បន្ន ដើម្បីបន្ត ដឹកនាំកម្ពុជា ឱ្យកាន់តែមានការ​អភិវឌ្ឍ​ក្លាយ​ជា​អរិយ​ប្រទេស​។ សមិទ្ធផល​ធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបាន យ៉ាង ដូច្នេះ ព្រះករុណាជា​អម្ចាស់​ក៏​បាន​សំណូមពរ ដល់ប្រជារាស្ត្រខ្មែរទាំងមូល តាំងចិត្ត ប្រកាន់យក ជានិច្ចនិរន្តរ៍ នូវស្មារតី យើង​ប្រជា​រាស្ត្រ​ខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរព ខ្ចាប់ខ្ជួនរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ជា​និមិត្ត​រូប​​​នៃគុណតម្លៃទំនើប រួមផ្សំបុរាណ​ ជាការសន្យាចំពោះ​អនាគត​រុងរឿង​នៃ​ប្រជាជាតិ​យើង។ ព្រះអង្គ​បន្ត​ថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាទិភាព និងស្ថេរភាព ជាង៣ទសវត្ស ជា​រយៈពេលមួយវែងក្នុងប្រវត្តិ រដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រម្ពុជា មាន​សុខ​សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ធានាបានភាព រឹងមាំ នៃរដ្ឋធម្មនុញ្ញ​ ដូច្នេះជា​ពេល​វេលា​សម​ស្របដែ​ល​ត្រូវមានវិមានរដ្ឋធម្មនុញ្ញសម្រាប់ឱ្យខេមរជន ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹង​នូវ​គុណ​បំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់ កំពូល​មួយ​នេះ និងសូមគោរពចងចាំអំពីក្រមសីលធម៌និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ស្តេចយាងកាត់ខ្សែបូរ ដើម្បី​ជានិ​មិត្ត​រូប នៃព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចំបង ៖

-ផ្នែកទី១នៃវិមាន៖ គឺផ្នែកខាងក្រោមមានសាលតូច រាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា «ខេមរសន្តិមូលសាល» ជាទីតាំងសរសស្តម្ភ រដ្ឋធម្មនុញ្ញ។ នៅខាងលើមានទម្រ តម្កល់​ព្រះ​សិរមហា​ព្រហ្ម កសាងពីសំរឹទ្ធិ, សរសស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុង​ខាង​មុខ​មាន​ចារិក​បុព្វក​ថា រដ្ឋធម្មនុញ្ញ ​និង៥ជ្រុងផ្សេងទៀតសម្រាប់ចារិកយុទ្ធវិធីទាំង៥ នៅក្នុង​យុទ្ធសាស្ត្រ​នយោបាយ ឈ្នះ-ឈ្នះ នៃមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ»បំបែក ឯកោ បញ្ចប់ សមាហរណកម្ម អភិវឌ្ឍន៍» តំណាងដោយព្យញ្ញនៈ៥តួ គឺ​( ប ឯ ប ស អ)។

-ផ្នែកទី២នៃវិមាន៖ គឺតួមហាបុស្បុក មានទំងន់សរុបប្រមាណ១២តោន កសាងពីសំរឹទ្ធិ ប្រមាណ​៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ សាង​ឡើង​តាម​ក្បួនខ្នាតរចនាបថ ខ្មែរបុរាណ។ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា៖ វិមាន​រដ្ឋធម្មនុញ្ញ គឺជាសីលាលោហប្រសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​នឹង​ក្លាយ​ជា​សំណង់​សតវត្សរ៍ ក្នុងអនាគតកាល៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia