Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តបាត់ដំបង កំពុងរៀបចំ​សោភ័ណភាព​តំបន់រមណីយដ្ឋានភ្នំសំពៅឱ្យកាន់តែទាក់ទាញ

រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ កំពុងរៀបចំកែលម្អ សណ្ដាប់ធ្នាប់សោភ័ណភាព តំបន់រមណីយដ្ឋានភ្នំសំពៅ ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តឲ្យកាន់តែច្រើន ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម ។

ក្នុងឱកាសអញ្ជើញពិនិត្យចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីយដ្ឋានភ្នំសំពៅ អមដំណើរដោយលោក សំ តាំហន អ្នកកសាងចម្លាក់ព្រះពុទ្ធបដិមាជាប់នឹងជញ្ជាំងភ្នំសំពៅ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ការរៀបចំនេះ គឺមាននៅទីតាំងចម្លាក់ព្រះអង្គធំ នៅជាប់នឹងជញ្ជាំងភ្នំសំពៅ ដោយបន្តកសាងឲ្យរួចរាល់ និងរៀបចំនូវបរិវេណជុំវិញនោះ ដើម្បីបន្តរៀបចំកសាងឲ្យបានស្អាតបាត សមជាទីសក្ការៈ និងជាកន្លែងលំហែកាយ… ។

ភ្នំសំពៅ គឺជារមណីយដ្ឋានដ៏ទាក់ទាញបំផុត សម្រាប់ខេត្តបាត់ដំបង ព្រោះភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងព្រេង តែងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត និងទស្សនាជារៀងរាល់ថងៃ ហើយក៏ជាប្រភពចំណូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ។

រមណីយដ្ឋានភ្នំសំពៅ គឺមានល្អាងជាច្រើន ដូចជាល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងល្ខោន និងល្អាងខ្មោចជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានរូងសត្វប្រចៀវ ហើយនៅពេលល្ងាច គឺពួកវាបានហើយចេញទៅរកចំណី ដែលសកម្មភាពរបស់ពួកវានេះហើយ បានក្លាយជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទៅអង្គុយទស្សនាជារៀងរាល់ល្ងាច ។

ជាមួយនឹងភាពទាក់ទាញរបស់រមណីយដ្ឋានភ្នំសំពៅនេះ លោកជំទាវ ឌី ប្រឹម និងស្វាមី លោក សំ តាំហន និងសប្បុរសជនផ្សេងទៀត បានបរិច្ចាកថវិកាធ្វើចម្លាក់ព្រះពុទ្ធបដិមា ចំនួន៣បទ មានព្រះអង្គទ្រង់ប្រសូត្រ ព្រះទ្រង់ត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន ខណៈចម្លាក់ព្រះអង្គត្រាស់ដឹង មានកម្ពស់ ៤៣.៨ម៉ែត្រ ។

បើតាមលោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង មានទីតាំងទេសចរណ៍ប្រមាណជាង ១០០កន្លែង ដែលមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ធម្មជាតិ និងសិប្បនិម្មិតជាដើម ខណៈរមណីយកដ្ឋានភ្នំសំពៅ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្ត ។

គួរបញ្ជាក់ថា ចម្លាក់ព្រះពុទ្ធបដិមា នៅជញ្ជាំងភ្នំសំពៅនេះ សម្រេចការកសាងស្ទើរចប់ជិត ១០០ភាគរយហើយ គឺនៅផ្នែកខាងក្រោមនៃព្រះភ្នែន នៃចម្លាក់ព្រះពុទ្ធអង្គត្រាស់ដឹង និងការរៀបចំបរិវេណឲ្យមានសោភ័ណភាពបន្ថែមទៀត ហើយគ្រោងបញ្ចប់នៅឆ្នាំក្រោយ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia