Connect with us

ព័ត៌មាន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ប្រារព្ធ​កម្មវិធី​សប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦

លោកជំទាវ សុទ្ធ សុម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “កម្ម​វិធី​សប្តាហ៍​វប្បធម៌​អរូបី​នៃកម្ពុជា លើកទី២ ឆ្នាំ២០២៦” នាល្ងាចថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅ​បរិវេណផ្លូវថ្មើរជើង សួនច្បារមុខវត្តឧណ្ណាលោម។

ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌអរូបី និង​ឧស្សាហ​កម្ម​វប្បធម៌ច្នៃ​ប្រតិដ្ឋ​បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីសប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​បន្ត​ពី​ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗដូចជា៖ អបអរសាទរ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលសរុប​មក​ដល់​ពេល​នេះ​មាន​ចំនួន៧ គឺរបាំព្រះរាជទ្រព្យ (ឆ្នាំ២០០៣) ល្ខោនស្រមោលស្បែកធំ (ឆ្នាំ២០០៥) ល្បែងទាញព្រ័ត្រ (ឆ្នាំ២០១៥) ចាប៉ីដងវែង (ឆ្នាំ២០១៦) ល្ខោនខោល​វត្តស្វាយ​អណ្តែត (ឆ្នាំ២០១៨) គុនល្បុក្កតោ (ឆ្នាំ២០២២) និងក្រមាខ្មែរ (ឆ្នាំ២០២៤)។ ផ្សព្វផ្សាយមរតកវប្បធម៌អរូបី៖ បង្កើនការយល់ដឹងដល់សាធារណជន និងយុវជន អំពីសិល្បៈ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ និងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ លើកស្ទួយសិល្បៈសហគមន៍៖ ផ្តល់វេទិកាបង្ហាញស្នាដៃដល់ព្រឹទ្ធាចារ្យ សិល្បករ និង​សហគមន៍​មូល​ដ្ឋាន ដើម្បីថែរក្សា និងផ្ទេរចំណេះដឹងប្រពៃណីឱ្យគង់វង្ស។ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ផ្សារភ្ជាប់មិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជំរុញឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ៖ លើកស្ទួយសេដ្ឋកិច្ច និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ តាមរយៈការតាំងពិព័រណ៍ ការបង្ហាញម៉ូដ និងការសម្តែងទស្សនីយភាព។

ឯកឧត្តម ឈុំ ម៉េងហុង បានបន្តថា សម្រាប់កម្មវិធីរយៈពេល២ថ្ងៃនេះ យើងមាន​កិត្តិយសទទួល​បាន​ការ​ចូលរួមសម្តែង និងតាំង បង្ហាញពីក្រុមសិល្បៈ ស្ថាប័នជំនាញ និងសហគមន៍សរុប​ចំនួន​១១​ក្រុម​/សហគមន៍ មកពីរាជធានី ភ្នំពេញ បណ្តាខេត្តនានា និងប្រទេសជាមិត្ត។

នាឱកាសនេះ លោកជំទាវ សុទ្ធ សុម៉ាលី បានថ្លែងថា កម្មវិធីសប្តាហ៍វប្បធម៌អរូបីរយៈពេល ២ ថ្ងៃ​នេះ គឺជាវេទិកាដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីចំណុចស្នូលចំនួន ៣៖ ១. លើក​តម្កើង​តួនាទី​សហគមន៍ និងសិល្បករ៖ វត្តមានរបស់សហគមន៍ព្រ័ត្រកំពង់កុង សហគមន៍ព្រ័ត្រភូមិរកា សហគមន៍​ជន​ជាតិដើមភាគតិចខេត្តរតនគិរី រួមជាមួយក្រុមសិល្បៈទស្សនីយភាព និងស្ថាប័ន​ជំនាញ​នានា បង្ហាញពីភាពសម្បូរបែប និងពហុវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា។ ២. រឹតចំណង​មិត្ត​ភាពអន្តរជាតិ៖ ការចូលរួមសម្តែងល្បែងទាញព្រ័ត្រ និងតាំងពិព័រណ៍​ពី​គណៈប្រតិភូ​សាធារណ​​រដ្ឋ​កូរ៉េ ​គឺជាសក្ខីភាពនៃការផ្លាស់ប្តូរវប្បធម៌ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដែលមាន​មរត​កល្បែ​ងទា​ញព្រ័ត្រចុះបញ្ជីរួមគ្នានៅអង្គការយូណេស្កូ និង៣. បំផុសគំនិតច្នៃប្រតិដ្ឋដល់យុវជន៖ កា​រ​បង្ហាញ​ម៉ូដស្បៃខ្មែរ ការតាំងពិព័រណ៍ និងការសម្តែងសិល្បៈ នឹងជួយឱ្យសាធារណជន និ​ង​យុវជន​យល់​ច្បាស់​ពីតម្លៃសិល្បៈប្រពៃណី ព្រមទាំងជំរុញ​ការច្នៃ​ប្រតិដ្ឋ​ថ្មី​ៗ​ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជាតិ​៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia