ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាន់វេនបិណ្ឌទី១៣ នៅវត្តបទុមវតី
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងចូលរួមពិធីសូត្រមន្ត ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលាថ្ងៃសូត្រមន្ត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក តាមគន្លងប្រពៃណី។ បន្ទាប់ពីបានសមាទានសីលរួច សម្តេចនិងសាច់ញាតិក្រុមគ្រួសា បានស្តាប់នូវធម៌ទេសនាអំពីប្រវត្តិសង្ខេប នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលសម្តែងធម្មទេសនាដោយសម្តេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះគ្រូសូត្រស្តាំ និងជាព្រះមេគណរាជធានីភ្នំពេញ បន្ទាប់មកវេប្រគេនបច្ចេយសូត្រមន្តដល់ព្រះសង្ឃ។
លុះព្រឹកឡើងថ្ងៃទី៣០ ខែកញ្ញា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា បងប្អូនកូនចៅ និងភរិយាថ្នាក់ដឹកនាំដទៃទៀត បានបន្តអញ្ជើញនាំយកនូវបង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃគណៈមហានិកា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាមជាកិច្ច បញ្ចប់វេណកាន់បិណ្ឌទី១៣។
ក្នុងឱកាសដ៍សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណះ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា បានរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានាដែលជាទីសក្ការៈ។ ជាក់ស្តែងក្នុងឱកាសបិណ្ឌទី១៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងមន្ត្រីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា និងបងប្អូនកូនចៅសាច់ញាតិ បានអញ្ជើញកាន់បិណ្ឌទី១៣ៅវត្តបទុមវតី ដោយបានបូជា, ទៀន, ធូប, ផ្កាភ្ញី ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្រ រព្ធពិធីសូត្រមន្តសមាទានសីល ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ សម្តេច និងក្រុមគ្រួសារ បានអញ្ជើញរាប់បាត្រ ពូនភ្នំខ្សាច់ ឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន លោកយាយ លោកតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះសូមឧទ្ទិសជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតារបស់សម្តេច គឺមហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។
តាមរយៈមហាមនុញ្ញផលដ៏ថ្លៃថ្លា នៅក្នុងវេនកាន់បិណ្ឌទី១៣នៅវត្តបទុមវតី សម្តេចនិងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និង មន្ត្រី ដែលបានចូលរួមសូមឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន បានយោងយកកំណើតកើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងងាកក្រោយឱ្យពរជ័យដល់កូនចៅបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យព្រះបារមីដ៏សក្តិសិទ្ធិនៅក្នុងលោក ព្រះបារមី វត្តបទុមវតីរាជវរារាម តាមជួយបីបាច់ថែរក្សាសម្តេចទាំងទ្វេ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មានសុខភាពល្អបរិបូរណ៍ជន្មាយុយឺនយូរ ដើម្បីការពារព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបានជានិច្ចនិរន្តរ៍ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍរីកចំរើនថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ម្យ៉ាងវិញទៀតតាមរយៈមនុញ្ញផលនៃថ្ងៃដាក់បិណ្ឌទី១៣ នៅវត្តបទុមវតីេះ ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យដែលសម្តេចបានធ្វើ ឱ្យបានដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើងផងដែរ។
សូមជម្រាបថាក្នុងឱកាសបុណ្យដាក់បិណ្ឌទី១៣នៅ វត្តបទុមវតីរាជវរារាម សម្តេចមានសទ្ធាជ្រះថ្លា បានប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួនធំ រួមមានអង្ករ ភេសជ្ជ រួមនឹងបច្ច័យសង្កត់បិណ្ឌ៤០លានរៀល និងបច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ បូករួមនឹងបច្ច័យសប្បុរសជន ១៦៨០០ដុល្លា និង៥៤លាន ៧០ម៉ឺនបន្ថែមទៀត ដែលបានមកពីការចូលរួមរបស់ លោកជំទាវ ឯកឧត្តម មន្ត្រីអ្នកមុខអ្នកការ ដែលបានអញ្ជើញចូលរួមនាឱកាសនោះ។ បច្ច័យទាំងអស់ក្នុងបិណ្ឌទី១៣នៅវត្តបទុមវតីរាជវរារាមនេះ គឺសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវិស័យព្រះពុទ្ធសាសនា។ ក្រៅពីបច្ចេយកសាងវត្ត សម្តេចប្រធានបានប្រគេនព្រះសង្ឃគង់សូត្រមន្ត១២អង្គ ដោយក្នុង១អង្គៗប្រគេនបច្ចេយ៣០០ដុល្លា និងព្រះសង្ឃជាង៤០០អង្គផ្សេងទៀត នៅក្នុងវត្តនេះ ប្រគេនក្នុង១អង្គបច្ចេយ៥ម៉ឺនរៀល និងសាដកមួយ។ ដូច្នេះវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយជំនឿ និងស្ថានភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមានការរីកចម្រើន ប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់៕ អត្ថបទៈ សំ ងីម
-
ព័ត៌មាន6 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន1 week ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន6 days ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-
ព័ត៌មាន6 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន1 week ago
ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI