ព័ត៌មាន
កម្ពុជា-កាណាដា នឹងបន្តគាំទ្រលើកិច្ចសហការនានា ដើម្បីជំរុញកំណើនវិនិយោគ
កម្ពុជា-កាណាដា ឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំកិច្ចសហការនានា ដើម្បីជំរុញកំណើនវិនិយោគឯកជន រវាង ប្រទេសទាំងពីរបន្ថែម ស្របពេលកម្ពុជាកំពុងស្រូបយកវិនិយោគិនពីប្រទេសមួយនេះបានជាបន្តបន្ទាប់ ដែលបានមក បណ្ដាក់ទុនរាប់ ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន៖ អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងម៉ុងត្រេអាល់, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំតុមូល ជាមួយតំណាងរដ្ឋបាល ខេត្ត កេបិចប្រទេស កាណាដា, ដោយក្នុងជំនួបនេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥រួមមាន៖ កសិកម្ម និង កសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់ អំពីបទពិសោធន៍ ជោគជ័យ នៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដា ដែលកំពុងបណ្ដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារ អាម៉េរិកនៅកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំតុមូល, ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាងរដ្ឋបាលខេត្តកេបិច ក្នុង នាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចពិភាក្សាទ្វេភាគី ជាលទ្ធផល, បានឯកភាពនឹងបន្តគាំទ្រគ្នា ទៅវិញ ទៅមកលើការរៀបចំកិច្ចសហការនានា ដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងកិច្ចប្រជុំតុមូលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នា រវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ នៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ជុំវិញការ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់ជាង ៧៨២ លានដុល្លារអាម៉េរិក កើនឡើងជាង ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារប្រទេសកាណាដា មានទឹកប្រាក់ ៧៣៦ លានដុល្លារ និងការនាំចូលពីកាណាដា មានទឹកប្រាក់ជាង ៤៦ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព