Connect with us

ព័ត៌មាន

អភិបាលរាជធានី​ភ្នំពេញថ្លែងអំណរគុណ AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រ​ចំពោះភ្នំពេញ​តាមរយៈគម្រោងនានា

ក្រុងបារីស ៖ នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ។

លោកស្រី​ ដោ សម្ផស្ស​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងជំនួបនោះអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានី​ភ្នំពេញ​ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។ ភ្ជាប់ជាមួយគ្នានេះដែរ​លោកអគ្គប្រតិភូ ក៏បានអញ្ជើញ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុង វ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។

លោកស្រី​ ដោ សម្ផស្ស​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ជាកិច្ចឆ្លេីយតបជាដំបូង ឯកឧត្តម ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះ លោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។ ឯកឧត្តម អភិបាលរាជធានី​ក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រ​ដល់រាជធានីភ្នំពេញ​តាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យ អចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធាន​អចិន្ត្រៃយ៍​សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុង វ៉េ ប្រទេសវៀតណាម​ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញនឹង ពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia