ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុ ស្នើផ្អាកបណ្តោះអាសន្នអាជីវកម្ម ថតចម្លង អ៊ិនធឺណិត និងការដ្ឋានសំណង់នៅជុំវិញបរិវេណមណ្ឌលប្រឡង
ព្រះសីហនុ៖ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៥មណ្ឌល រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ដូចជា ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត អាជីវកម្មលក់សម្ភារៈ សិក្សាគ្រប់ប្រភេទ និងការដ្ឋានសំណង់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។ សម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។
រដ្ឋបាលខេត្តបានអំពាវនាវដល់ សាធារណជន និងបងប្អូនអាជីវករជុំវិញបរិវេណមណ្ឌលប្រឡងជ្រាបដោយការយោគយល់ និងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើឱ្យទទួលបានលទ្ធផលល្អ ក្រោយផុតរយៈពេលនៃការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។
រដ្ឋបាលខេត្តបានណែនាំដល់ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ស្រុកព្រៃនប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះ គឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រះសីហនុ
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សម័យប្រឡង មានរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ នៅខេត្តព្រះសីហនុ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់យកមណ្ឌលប្រឡង ចំនួន ៥មណ្ឌល គឺក្រុងព្រះសីហនុ មានចំនួន ៣មណ្ឌល គឺ១.មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ២.មណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព ៣.មណ្ឌលអនុវិទ្យាល័យតេជោសែន កម្មករ។ និងស្រុកព្រៃនប់ មានចំនួន ២មណ្ឌល គឺ ១.មណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ២.មណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ៕




-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣