Connect with us

ព័ត៌មាន

ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពី​ចូលរួមកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

តបតាមការសូមយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃ​សាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែល​បាន​ប្រព្រឹត្ត​ទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុង​ប៉ារីស​។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នេះធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និង​សហគ្រិន​ភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ដើម្ប​ពិភាក្សា​ពី​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​ដូច​ជា​ការ​បង្កើត​ការងារ​សម្រាប់​យុវជន​ក្នុង​តំបន់ប្រើប្រាស់ភាសាបារាំង។ តាមរយៈកិច្ចប្រជុំនេះក៏បានបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព​ព្រម​ទាំង​ធ្វើ​ឱ្យ​ពហុភាគីនិ​យម​មាន​ភាព​រស់​រវើកឡើងវិញដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ក្នុងឱកាស​ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ជាលទ្ធផលដ៏លើស​លប់​ប្រទេ​សក​ម្ពុ​ជា​នឹង​​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខណៈដែល​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាស​ជា​ផ្លូវ​ការ​បែប​នេះ​នៅ​វិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះ​ដៃអបអរសាទរ​យ៉ាង​កងរំពង​ពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

បន្ទាប់ពី​ការប្រកាសពីឯកមានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញ​ថា​កម្ពុជា​ជា​ប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និង​អនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ក្នុងឱកាសកិច្ចប្រជុំនេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយា​ង​ថ្លែង​សុន្ទ​រកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជ​កិត្តិយស​ទទួល​ឱ្យប្រ​ទេសក​ម្ពុ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ា​ងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្រ​បេក្ខភាព​របស់​កម្ពុជា​។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា​ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជា​ឱកាស​ដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រាព្ធពិធីមួយដ៏សប្បាយរីករាយ។

សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលព្រះអង្គស្ដេចគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​ក៏​បាន​ព្រះរាជ​ទាន​ព្រះរា​ជស​វនាការ​ទ្វេភាគីជាមួយនឹង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃ​សាធារណរ​ដ្ឋ​បារាំង​ដោយ​បាន​ពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំងផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia