ព័ត៌មាន
ព្រឹកនេះ គ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងប្រទេសបានដំណើរការពុំមានការរាំងស្ទះឡើយ
គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស បានចាប់ផ្ដើមដំណើរការប្រឡងព្រមៗគ្នា ពុំមានការរាំងស្ទះឡើយទោះបីជាសាលាខ្លះបានរងការជន់លិចដោយសារបញ្ហាភ្លៀងធ្លាក់ ខណៈដែលក្រសួងអប់រំបានដោះស្រាយរួចរាល់ និងដំណើរការជាធម្មតា។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ក្នុងឱកាសចុះត្រួតពិនិត្យ កាត់វិញ្ញាសានៅ មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី៨ ខែតុលានេះ។

ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូបក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, និង ឯកឧត្តម កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងថា ទោះបីជាមណ្ឌលប្រឡងនៅតាមខេត្តខ្លះ បានរងការជន់លិច ប៉ុន្ដែក្រសួងបានសម្រេចធ្វើការផ្លាស់ប្ដូរមណ្ឌលទៅរកមណ្ឌលដែលមានសុវត្ថិភាពរួចរាល់អស់ហើយ គឺមិនធ្វើឱ្យប៉ះពាល់ដល់ការប្រឡងឡើយ។ រីឯក្របខណ្ឌរាជធានីភ្នំពេញ អាជ្ញាធរក៏បានចូលរួមយ៉ាងសកម្ម ដោយបានចាក់ដីបំពេញដើម្បីដោះស្រាយនៅទីតាំងមណ្ឌលដែលមានការជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ។
សម្រាប់ថ្ងៃដំបូង នៃការប្រឡងនេះដែរ បេក្ខជនដែលបានចូលទៅដល់ក្នុងមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងថា ពួកគេមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការប្រឡងនេះ ខណៈពួកគេបានត្រៀមខ្លួន និងការប្រឹងប្រែងរៀនសូត្រជាច្រើនឆ្នាំមកហើយត។ ពួកគេបានប្ដេជ្ញាប្រឡងឱ្យជាប់ ដើម្បីជាការតបស្នងដល់គុណបំណាច់អាណាព្យាបាល និងគុណបំណាច់របស់គ្រូបង្រៀនដែលបានខិតខំផ្ទេរចំណេះដឹងដល់ពួកគេ។

ការប្រឡង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ គ្រប់បេក្ខជន ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងចំនួន ៧មុខវិជ្ជា។ សិស្សវិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមី ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងលើមុខវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខជនជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនប្រមាណ៧ភាគរយ រីឯបេក្ខជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំពោះមណ្ឌលប្រឡងទូទាំងប្រទេស មានចំនួន ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣បន្ទប់៕ អត្ថបទ៖ គឹម ហុក




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា