ព័ត៌មាន
មនី្ទរពេទ្យព្រះអង្គឌួងពង្រឹងការផ្តល់សេវាឆ្លើយតបទៅនឹងកំណើនអ្នកជំងឺមានចំនួនកើនឡើងច្រើន
មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានខិតខំពង្រឹងការផ្តល់សេវាកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជំងឺទៅទទួលសេវាព្យាបាលជំងឺមានចំនួនកើនឡើងច្រើន។
លោក នង ម៉ានិត នាយករងមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី មានទំនុកចិត្ត និងជឿជាក់មកទទួលសេវាពីក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង ជាពិសេសប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណប.ស.ស និងប័ណ្ណមូលនិធិសមធម៌ បានមកទទួលសេវាក្នុងមនី្ទរពេទ្យជារៀងរាល់ថ្ងៃ។
ឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកទទួលសេវាពិនិត្យ ព្យាបាលជំងឺក្នុងមនី្ទរពេទ្យដ៏ច្រើននេះ ដោយសារថ្នាក់ដឹកនាំមនី្ទរពេទ្យ ដែលមានលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានខិតខំពង្រឹងគ្រប់គ្រងសេវាកម្ម ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ចំពោះការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដូចជា៖ ការពង្រឹងក្រមសីលធម៌ បច្ចេកទេស បច្ចេកទេសនៃការព្យាបាលជំងឺ ការបំពាក់ឧបករ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បីផ្តល់ការព្យាបាលឲ្យមានប្រសិទ្ធភាព និងរៀបចំបុគ្គលិក គ្រូពេទ្យជំនាញ រងចាំផ្តល់សេវាគ្រប់ពេលវេលា ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមអញ្ជើញមកទទួលសេវាកម្មក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានគ្រប់ពេលវេលា។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ហេង មុន្នីរ័ត្ន ឯកទេសសោភ័ណសល្យសាស្រ្ត និងជាប្រធានផ្នែកវះកាត់ទូទៅនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងពីសារបាននៃការកកើតដំបូងនៃផ្នែកវះកាត់ទូទៅ មកដល់ពេលនេះបង្កើត និងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ លើផ្នែកនេះ មានរយៈពេល៦ឆ្នាំមកហើយ ផ្នែកវះកាត់ទូទៅនេះ ត្រូវបានបែងចែកជា៥ជំនាញផ្សេងទៀត ដូចជា៖ វះកាត់សោភ័ណសល្យសាស្រ្ត វះកាត់ប្រព័ន្ធទឹកមូត្រ ឬតម្រង់នោម វះកាត់ខួរក្បាលឆ្អឹងខ្នង វះកាត់ឆ្អឹង និងវះកាត់ប្រព័ន្ធរំលាយអាហារ។ ដោយក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាចន្លោះពី២០០នាក់ ទៅ៤០០នាក់។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានសង្កត់ធ្ងន់ថា មកដល់ពេលនេះមនី្ទរពេទ្យ មានក្រុមការងារគ្រូពេទ្យ បុគ្គលិក និងអ្នកបម្រើសេវាកម្មផ្សេងៗ សរុបជាង៦០០នាក់។ ទន្ទឹមនឹងនោះ ក្នុងមួយថ្ងៃមនី្ទរពេទ្យព្រះអង្គឌួង មានប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ចន្លោះពី២៤០០នាក់ ទៅជាង៣០០០នាក់ និងប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺ ចន្លោះពី៥០០នាក់ ទៅ៦០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះចំនួនអត្រាប្រើប្រាស់គ្រែសម្រាប់អ្នកជំងឺ មានការប្រើប្រាស់លើសចំនួន ដែលបច្ចុប្បន្នមនី្ទរពេទ្យមានចំនួន៥២០គ្រែ បើទោះបីចំនួនអត្រាប្រើប្រាស់គ្រែមានចំនួនកើនឡើង ប៉ុន្តែថ្នាក់ដឹកនាំមនី្ទរពេទ្យខិតខំសម្របសម្រួល និងរៀបចំចាត់ចែងជូនអ្នកជំងឺបានយ៉ាងល្អប្រសើរ៕ អត្ថបទ រដ្ឋា











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា