Connect with us

ព័ត៌មាន

កម្ពុជាផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍

រដ្ឋនិងវិស័យឯកជន ផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ តាម​រយៈផ្តោតលើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដើម្បី​ចូល​រួម​ចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយ សុវត្ថិភាព​នៅ​ក្នុង​សហគមន៍។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផល​គម្រោង​ការ​ពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះ លោក​បានសំដែងការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុង ការអនុវត្តសាកល្បង នៃ​គម្រោង​នេះព្រោះថា ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើក​កម្ពស់​កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈ​ស្នូលរ​បស់​សមាគមធនាគារនៅកម្ពុជា និងសមាិក របស់ខ្លួនផងដែរ។ លោក បានថ្លែងបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និង​សមាជិកប្រតិបត្តិ នៃ គណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ។

ចំណែក លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា គម្រោង​ការ​ពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើត​ទ្បើង​ស្រប​តាម​យុទ្ធសាស្រ្ត​ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតប ទៅនឹងតម្រូវ​ការ​ជាក់​ស្តែង តាមមូលដ្ឋានដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និង​កិច្ច​ការពារ​អតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែល​ជា​ជន​បង្គោល ក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ជូន ប្រជាជន ក្នុងសហគមរបស់ពួកគាត់។

ជុំវិញបញ្ហានេះ, ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និង​វាយតម្លៃខ្ពស់ ដល់ក្រុម ការងារអនុវត្តគម្រោងជនបង្គោល អ្នកសម្រប​សម្រួល​តាម​ឃុំ​គោល​ដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រឱ្យគម្រោង ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញ​វត្ថុ​ក្នុង​សហគមន៍នេះទទួលបានផ្លែផ្កានិងលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម ក៏បានស្នើកិច្ច​សហការ និង​ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​ប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំង បញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និង​លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពី ការ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និង​ស្រ្តី​ជាដើម។

សូមបញ្ជាក់ថា គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ ដោយបាន​និង​កំពុង​អនុវ​ត្ត​សាកល្បង​នៅ​ក្នុង​ខេត្ត​ចំនួន​៤​រួម​មាន៖ ខេត្តកំពង់ធំ កំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ក្នុងអំឡុង​ពេល​សាក​ល្បង​នេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗរួមមាន បណ្តុះបណ្តាល​គ្រូ​បង្គោល​ថា្នក់​ឃុំបា​ន​២​វគ្គ​។ គម្រោង ក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន ៥ ព្រម​ទាំងធ្វើការបោះពុម្ពបានចំនួន២ដង, ការផលិត សម្ភារៈសម្រាប់​បម្រើ​ដល់​កា​រ​អនុវ​ត្ត​គម្រោង​ថ្នាក់​មូលដ្ឋាន ព្រមទាំងធ្វើការបញ្រ្ជាបសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់អាជ្ញាធរមូល ដ្ឋាន គ្រូបង្គោល និងប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia