ព័ត៌មាន
សមាគម និងពលរដ្ឋខ្មែរកម្ពុជាក្រោមថា៖ អង្គកឋិនទានដង្កែទៅវត្តកម្ពុជាក្រោមជាស្មារតីរួបរួមជាតិ និងស្នេហាជាតិដែលខ្មែរគ្រប់និន្នការគួរចូលរួមទាំងអស់គ្នា
សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានចាត់ទុកការដង្ហែអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្តខ្មែរកម្ពុជាក្រោម គឺជាការរួបរួមជាតិ និងស្នេហាជាតិយ៉ាងពិតប្រាកដ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។
លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ ខ្មែរកម្ពុជាក្រោមបានថ្លែងថា ការដង្ហែអង្គកឋិនទាននេះ គឺជាសកម្មភាពបង្រួបបង្រួមជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ។ ដូច្នេះវាជាឱកាសសម្រាប់អ្នកស្នេហាជាតិមកពីគ្រប់និន្នាការនយោបាយទាំងអស់ គួរតែចូលរួមឱ្យបានច្រើនកុះករ។
លោកបញ្ជាក់ថា៖«វាជាការពិតនៃការសម្រេចរបស់រាជរដ្ឋាភិបាល គឺជាឆន្ទៈស្នេហាជាតិ បង្រួបង្រួមជាតិខ្មែរតែមួយ ហើយខ្ញុំគាំទ្រពេញទំហឹងចំពោះការផ្ដួចផ្ដើមដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ បងប្អូនខ្មែរមួយចំនួនតូចដែលមាននិន្នាការនយោបាយប្រឆាំង គួរតែចូលរួមក្នុងកម្មវិធីនេះ ហើយបញ្ឈប់គំនិតជ្រុលនិយម ដើម្បីជាតិសាសន៍ខ្មែររុងរឿងយូអង្វែង»។
លើសពីនេះលោក សុធានី បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយទាំងអស់រួបរួមគ្នា ដើម្បីការពារជាតិសាសន៍ និងកេរដំណែលដូនតាខ្មែរ ខណៈដែលពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងប្រឹងប្រែងថែរក្សាវប្បធម៌ ទំនៀមទំលាប់ សាសនា និងប្រពៃណីនៅលើទឹកដីកំណើតរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
អ្នកស្រី រី សាមឿន អាយុ ៧៤ឆ្នាំ ជាពលរដ្ឋខ្មែរកម្ពុជាក្រោមមកពីខេត្តព្រះត្រពាំងបាននិយាយថា អ្នកស្រីពេញចិត្តចំពោះគម្រោងដង្ហែអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្តខ្មែរកម្ពុជាក្រោម ព្រោះនេះជាស្មារតីរួបរួមជាតិ និងសាមគ្គីភាពជាតិខ្មែរ។
អ្នកស្រីបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរកម្ពុជាក្រោម ខ្ញុំមើលឃើញថា នេះជាឆន្ទៈរួបរួមជាតិ ហើយខ្ញុំក៏មានបំណងចង់ចូលរួមកម្មវិធីដង្ហែអង្គកឋិនទាននោះដែរ ដើម្បីបង្កើតទំនាក់ទំនងជាមួយបងប្អូនខ្មែរកណ្ដាល និងខ្មែរលើ។ ជាពិសេសយើងមិនអាចភ្លេច ឬបោះបង់គ្នាបានទេ ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំយើងបន្តរក្សាទំនាក់ទំនង និងបង្កើតកម្មវិធីជួបជុំបងប្អូនខ្មែរគ្រប់ទិសទីផងដែរ»។
ចំណែកលោក អ៊ុច សាមឿន អាយុ ៦៨ឆ្នាំ ជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលបច្ចុប្បន្នរស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ហើយលោកក៏ចង់ឃើញអ្នកស្នេហាជាតិផ្សេងទៀតចូលរួមក្នុងកម្មវិធីដង្ហែកឋិនទាននេះដែរ។
លោកបញ្ជាក់ថា៖«ខ្ញុំត្រេចអរខ្លាំងណាស់ចំពោះគម្រោងដង្ហែអង្គកឋិននេះ ហើយខ្ញុំសូមអំពាវនាវពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ត្រូវឈរលើឧត្ដមគតិជាតិនិយម ប៉ុន្ដែជាតិនិយមជ្រុល ព្រោះជាតិនានា ក៏គេស្រទ្បាញ់ជាតិគេដូចើងស្រទ្បាញ់ជាតិយើងដែរ។ ដូច្នេះមានតែពលរដ្ឋដែលជាតិខ្មែរដូចគ្នា ត្រូវតែស្រលាញ់ រាប់អានគ្នា និងរក្សាទំនាក់ទំនងល្អនឹងគ្នា»។
គួររំឭកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៤ បានសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយគណៈកម្មការនេះមានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដើម្បីឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា។
គណៈកម្មការនេះ នឹងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងការរៀបចំអង្គកឋិនទានឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោង និងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។
អង្គកឋិនទាននេះធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមដោយផ្ទាល់។ បន្ទាប់មកកម្មវិធីដង្ហែអង្គកឋិនទាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់ទៅវត្តខ្មែរក្រោម៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា